ជាមួយគ្នានេះ ឯកអគ្គរាជទូតអង់គ្លេសបានចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់នៅក្នុងតំបន់អាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិកក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ ការពារជាតិ រហូតដល់បម្រែបម្រួលអាកាសធាតុ។ ឧត្តមនាវីឯក ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានកងទ័ពជើងទឹករាម ចាត់ទុកសកម្មភាពរបស់កម្លាំងកងទ័ពជើងទឹករបស់ប្រទេសទាំងពីរ ជាការហ្វឹកហ្វឺន រៀនសូត្រពីបទពិសោធន៍គ្នាទៅវិញទៅមក និងការពង្រឹងមិត្តភាពល្អ និងរង់ចាំទទួលពួកគេម្តងទៀតនៅឆ្នាំ២០២៥។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក្រៅពីការហ្វឹកហ្វឺន កងទ័ពជើងទឹកទាំងពីរបានចំណាយពេលវេលារួមគ្នាដើម្បីចូលរួមក្នុងសកម្មភាពសង្គម និងបានប្រកួតបាល់ទាត់មិត្តភាពផងដែរ។
បេសកកម្មហ្វឹកហាត់រួមគ្នានេះ ត្រូវបានលោក Paul Caddy មេបញ្ជាការនៃនាវា HMS Spey ចាត់ទុកថា ជាការហ្វឹកហ្វឺនទ្វេភាគី ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ការរៀនសូត្ររួមគ្នា និងពង្រឹងភាពជាដៃគូដែលកំពុងរីកចម្រើនរវាងចក្រភពអង់គ្លេស និងកងកម្លាំងប្រដាប់អាវុធកម្ពុជា។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ជាងមួយឆ្នាំកន្លះមកនេះ អង់គ្លេសនៅតែបន្តទំនាក់ទំនងការពារជាតិ ជាមួយកម្ពុជា ហើយលោករីករាយក្នុងការស្វាគមន៍ការត្រឡប់មកវិញរបស់នាវា HMS Spey ដែលជាសញ្ញានៃការប្តេជ្ញាចិត្តដ៏យូរអង្វែងបន្តទៀត។
ទន្ទឹមនេះ ចក្រភពអង់គ្លេសមើលឃើញថា កម្ពុជាជាដៃគូដ៏សំខាន់នៅក្នុងអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កាន់តែទូលំទូលាយ ហើយចក្រភពអង់គ្លេសកំពុងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ចាប់ពីពាណិជ្ជកម្ម ការអប់រំ រហូតដល់ការប្រែប្រួលអាកាសធាតុ និងកំពុងទន្ទឹងរង់ចាំក្នុងការបន្តកសាងភាពជាដៃគូជាមួយគ្នានៅក្នុងប៉ុន្មានឆ្នាំខាងមុខ៕
អត្ថបទ៖ខេមបូណូមីស,រូបឯកសារ