កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសអង់គ្លេស អូស្ត្រាលី និងនូវែលសេឡង់ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ចក្រភពអង់គ្លេស ក្នុងការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីប្រទេសនៅអឺរ៉ុបនេះបានចាកចេញពីសហភាពអឺរ៉ុប។ កិច្ចព្រមព្រៀងរបស់អង់គ្លេសជាមួយអូស្ត្រាលី និងជាមួយនូវែលសេឡង់ ទទួលបានការយល់ព្រមពីភាគីទាំងសងខាងជាលើកដំបូងក្នុងឆ្នាំ ២០២១។
មន្ត្រីនូវែលសេឡង់និយាយថា កិច្ចព្រមព្រៀងរបស់ខ្លួននឹងជួយជំរុញការលក់ផលិតផលនានា ដូចជាស្រា ប៊ឺ សាច់គោ និងទឹកឃ្មុំ ហើយវានឹងបង្កើនទំហំសេដ្ឋកិច្ចរបស់ប្រទេសនេះរហូតដល់ ១ ប៊ីលានដុល្លារនូវែលសេឡង់ ឬ ៦២៩ លានដុល្លារអាមេរិក។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស ហ៊ីបឃីន (Chris Hipkins) បាននិយាយថា វាគឺជាកិច្ចព្រមព្រៀងស្តង់ដារមាស។ លោក ហ៊ីបឃីន បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ថា «លទ្ធផលនៃការចូលទីផ្សារនឹងស្ថិតក្នុងចំណោមលទ្ធផលល្អៗបំផុតដែលប្រទេសនូវែលសេឡង់បានធានាឱ្យមាននៅក្នុងគ្រប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម»។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស្ស៊ី ស៊ូណាក់ (Rishi Sunak) បាននិយាយថា កិច្ចព្រមព្រៀងជាមួយនូវែលសេឡង់បានឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ។
លោក ស៊ូណាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «កិច្ចព្រមព្រៀងនេះនឹងបើកឱកាសថ្មីសម្រាប់អាជីវកម្មនិងអ្នកវិនិយោគនៅទូទាំងប្រទេសនូវែលសេឡង់និងចក្រភពអង់គ្លេស, នឹងជំរុញកំណើន, បង្កើនការងារ ហើយសំខាន់បំផុតគឺនឹងកសាងអនាគតដ៏រុងរឿងសម្រាប់មនុស្សជំនាន់ក្រោយ»។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អែនថូនី អាល់បានីស្ស៊ី (Anthony Albanese) បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេសមានន័យថាជាការទទួលបានទីផ្សារកាន់តែច្រើនសម្រាប់អ្នកនាំចេញអូស្ត្រាលី។
លោក អាល់បានីស្ស៊ី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីនៅក្នុងបទសម្ភាសន៍មួយថា៖ «ដូច្នេះ ចំពោះសាច់គោ ផលិតផលចៀម អាហារសមុទ្រ និងផលិតផលផ្សេងៗទៀតរបស់យើង វានឹងមានន័យកាន់តែច្រើនក្នុងការចូលទៅកាន់ទីផ្សារចក្រភពអង់គ្លេស»។
លោក អាល់បានីស្ស៊ី បាននិយាយថា វាក៏នឹងមានន័យផងដែរថាជាឱកាសកាន់តែច្រើនសម្រាប់ប្រជាជនអូស្ត្រាលីវ័យក្មេង ដែលចង់ធ្វើការនៅចក្រភពអង់គ្លេស និងសម្រាប់យុវជនអង់គ្លេសដែលចង់ធ្វើការនៅអូស្ត្រាលី បន្ទាប់ពីលក្ខខណ្ឌនៃការរៀបចំវិស្សមកាលដើម្បីធ្វើការងារត្រូវបានពង្រីក។
លក្ខខណ្ឌស្រដៀងគ្នារវាងនូវែលសេឡង់ និងចក្រភពអង់គ្លេស ក៏ត្រូវបានពង្រីកផងដែរ ដោយបង្កើនរយៈពេលទិដ្ឋាការការងារពី ២ ឆ្នាំ ទៅ ៣ ឆ្នាំ និងដោយបង្កើនអាយុអតិបរមាពី ៣០ ឆ្នាំ ទៅ ៣៥ ឆ្នាំ៕