
យន្ដការជំរុញពាណិជ្ជកម្មទាំងនេះ ត្រូវបានលើកឡើងដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងឱកាសដែលលោកជំទាវបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម នៅរដ្ឋធានីហានូយ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥។
ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានឯកភាពលើគំនិតផ្តួចផ្តើមរបស់លោកជំទាវរដ្ឋមន្ត្រី ក្នុងការបង្តើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ និងបានលើកទឹកចិត្តឲ្យក្រសួងទាំងពីរ និងស្ថាប័នពាក់ព័ន្ធបន្តកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀតសំដៅជំរុញកំណើនពាណិជ្ជកម្មឈានទៅសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លាអាម៉េរិក ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
គួរបញ្ជាក់ជូនថា មុនពេលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោកជំទាវ ចម និម្មល ក៏បានជួបពិភាក្សាការងារជាមួយឯកឧត្តម Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមផងដែរ។
របាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា កាលពីឆ្នាំ២០២៤ កម្ពុជា និងវៀតណាមសម្រេចបានទំហំពាណិជ្ជកម្មសរុបជិត ៧,៧លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅវៀតណាម ជាង ៣,៦ពាន់លានដុល្លារ ខណៈកម្ពុជានាំចូលពីវៀតណាមមាន ៤,១ពាន់លានដុល្លារ។ វៀតណាមជាដៃគូពាណិជ្ជកម្មធំទី៣ របស់កម្ពុជា បន្ទាប់ពីចិន និងសហរដ្ឋអាម៉េរិក៕