ជុំវិញចម្ងល់របស់ប្រជាពលរដ្ឋដែលលើកឡើងថា ហេតុអ្វីបានជាកម្ពុជា មិនអាចបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសវៀតណាម ត្រូវបានឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីហេតុផលសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងបញ្ហានេះ។
ឯកឧត្តមបានពន្យល់ថា កត្តាដែលធ្វើឱ្យកម្ពុជា មិនអាចបិទការនាំចូលបន្លែ និងផ្លែឈើពីវៀតណាម ដោយសារកម្ពុជា ជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដូច្នេះត្រូវគោរពតាមគោលការណ៍ពាណិជ្ជកម្មអន្តរជាតិ ហើយប្រសិនបើកម្ពុជា បិទការនាំចូលកសិផលមកពីខាងក្រៅ ប្រទេសដទៃក៏អាចបិទមិនឱ្យកម្ពុជា នាំចូលទៅកាន់ប្រទេសគេដូចគ្នា ដែលវានឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់កសិករខ្មែររាប់លាននាក់។
សម្រាប់ឯកឧត្តម ឃឹម ហ្វីណង់ របាំងពាណិជ្ជកម្មមិនមែនជាដំណោះស្រាយខាងផ្នែកទីផ្សារកសិផលនោះទេ ជាពិសេសក្នុងករណីដែលកសិផលរបស់កម្ពុជា មិនទាន់អាចប្រកួតប្រជែងខាងផ្នែកតម្លៃជាមួយកសិផលនាំចូល ដូច្នេះបើកម្ពុជាបិទការនាំចូលបន្លែ និងផ្លែឈើពីខាងក្រៅស្មើនឹងបង្ខំឱ្យប្រជាជនកម្ពុជាបង្កើនការចំណាយកាន់តែខ្ពស់ជាងមុន បង្កឱ្យមានអតិផរណាថ្លៃ និងប៉ះពាល់ដល់នប្រជាពលរដ្ឋដែលមានចំណូលទាប និងមានលទ្ធភាពចំណាយជាប្រចាំថ្ងៃតិច។
កត្តានេះហើយទើបបានជាក្រសួងកសិកម្មផ្តោតលើការជួយកសិករក្នុងស្រុកកាត់បន្ថយថ្លៃដើមផលិត ដែលនឹងក្លាយទៅជារបាំងនៃការនាំចូលយ៉ាងពិតប្រាកដ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ ដែលបានបន្ថែមថា បញ្ហាមួយទៀតនៅត្រង់ថា កសិករខ្មែរនៅមានថ្លៃដើមផលិតខ្ពស់ គុណភាពនៅមិនទាន់ស្តង់ដា បរិមាណផ្គត់ផ្គង់ម្តងមានម្តងអត់ ដែលបានទុកឱកាសឱ្យមានការនាំចូល តែក្រសួងកំពុងដោះស្រាយបញ្ហានេះតាមរយៈសហគមន៍កសិកម្មទំនើប។
ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កម្ពុជាមិនប្រើរបាំងពន្ធក្នុងការដាក់គំនាបលើការនាំចូលបន្លែ ផ្លែឈើ និងទំនិញផ្សេងៗពីវៀតណាមនោះទេ ដោយសារកម្ពុជា អនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសសមាជិកក្នុងតំបន់អាស៊ាន។
ប៉ុន្តែអ្នកជំនាញរូបនេះអះអាងថា អ្វីដែលកម្ពុជា អាចធ្វើបានក្នុងការកាត់បន្ថយ ឬបិទការនាំចូលទំនិញអ្វីមួយពីខាងក្រៅបាន គឺរបាំងមិនមែនពន្ធ តាមរយៈការបង្កើនការត្រួតពិនិត្យគុណភាពឱ្យបានហ្មត់ចត់ និងបង្កើតឱ្យមានស្តង់ដារត្រួតពិនិត្យគុណភាពភូតគាមអនាម័យ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ជាមួយប្រទេសវៀតណាម សម្រេចបានជាង៣ពាន់លានដុល្លារអាម៉េរិក កើនឡើង២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំជាង២ពាន់៤រយលានដុល្លារអាម៉េរិក។
ក្នុងនោះកម្ពុជានាំចេញទៅវៀតណាម មានទំហំជាង១ពាន់៧រយលានដុល្លារ កើនឡើង៤៥% ខណៈកម្ពុជានាំចូលពីវៀតណាមវិញ មានទំហំជាង១ពាន់៣រយលានដុល្លារអាម៉េរិក កើនឡើងជាង៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕