វិស័យពាណិជ្ជកម្ម

កម្ពុជា-ចិន សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង៤ពាន់លានដុល្លារនៅត្រីមាសទី១ឆ្នាំនេះ


ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសចិន នៅត្រីមាសទី១ ឆ្នាំ២០២៥ នេះសម្រេចបានទំហំជាង៤ពាន់លានដុល្លារ កើនឡើងជាង២៦% បើធៀបនឹងឆ្នាំ២០២៤។ នៅក្នុងរយៈពេលដូចគ្នានេះ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន១៧២ ជាមួយទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ដែលភាគច្រើនជាការវិនិយោគរបស់ចិន។ តាមរយៈគម្រោងវិនិយោគនេះ អ្នកជំនាញជឿជាក់ថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនឹងនៅតែមានភាពល្អប្រសើរ ទោះសេដ្ឋកិច្ចពិភពលោកកំពុងរងការគំរាមកំហែងពីការដំឡើងពន្ធដាក់គ្នាទៅវិញទៅមករវាងអាម៉េរិក និងចិន ក៏ដោយ។
វិស័យពាណិជ្ជកម្ម
ដោយ

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា កត់សម្គាល់ឃើញថា ស្ថានភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា នៅមួយរយៈចុងក្រោយនេះនៅតែបង្ហាញសញ្ញាល្អប្រសើរដោយទទួលបានការវិនិយោគជាបន្តបន្ទាប់។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើសហរដ្ឋអាម៉េរិក យកពន្ធលើទំនិញកកម្ពុជា ត្រឹម១០%ថេរ នោះកម្ពុជានឹងមានលទ្ធភាពកាន់តែល្អក្នុងការទាក់ទាញអ្នកវិនិយោគបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជា។

ដោយឡែកលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន នៅមួយរយៈចុងក្រោយនេះ នៅតែមានសកម្មភាពជាប្រក្រតី ខណៈវិនិយោគិនចិន នៅតែឈានមុខគេក្នុងការមកវិនិយោគនៅកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅកម្ពុជា នាពេលខាងមុខនេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះជឿជាក់ថា ជាដំណើរទស្សនកិច្ចដើម្បីពង្រឹងវិស័យការទូត និងសេដ្ឋកិច្ចពាណិជ្ជកម្ម ស្របពេលសហរដ្ឋអាម៉េរិក កំពុងដាក់សម្ពាធពន្ធលើទំនិញចិន។ ស្ថិតក្នុងស្ថានភាពនេះអ្នកជំនាញរូបនេះជឿជាក់ថា ចិននឹងអាចបង្ហូរអ្នកវិនិយោគមកកាន់តំបន់អាស៊ាន ពិសេសមកកម្ពុជាកាន់តែច្រើនផងដែរ។

ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា នៅក្នុងស្ថានភាពនេះ កម្ពុជា គួរគិតគូរលើការកែច្នៃ ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវគុណភាពតាមវិស័យនីមួយៗសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារបរទេសឱ្យបានទាន់ពេលវេលានោះទើបអាចធ្វើឱ្យការនាំចេញកាន់តែមានលំនឹង។ ជាមួយគ្នានេះ ប្រសិនបើសហរដ្ឋអាម៉េរិក មានការផ្លាស់ប្ដូរពីការយកពន្ធ៤៩% មកត្រឹម១០%វិញ នោះវាអាចជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគ ដោយសារតែមិនមានអត្រាពន្ធខ្ពស់ដូចបណ្ដាប្រទេសមួយចំនួន។

សូមបញ្ជាក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសចិន សម្រេចបានទំហំជាង៤ពាន់លានដុល្លារ កើនឡើងជាង២៦% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះកម្ពុជា នាំចេញទៅចិន មានទំហំ៣៤៨លានដុល្លារ ខណៈចិន នាំចូលមកម្ពុជា វិញមានទំហំ៣,៧២០លានដុល្លារ។ នៅក្នុងរយៈពេលដូចគ្នានេះដែរ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន១៧២ ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ដោយគម្រោងភាគច្រើនមកពីប្រទេសចិន ដែលមានរហូតជាង៥០%នៃគម្រោងវិនិយោគសរុប៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


អ្នកជំនាញក្នុងវិស័យមូលបត្រក្រើនរំលឹកឱ្យពលរដ្ឋពិនិត្យឱ្យបានច្បាស់លាស់មុនបោះទុនវិនិយោគ ដើម្បីកុំឱ្យចាញ់បោកគេ

មន្ត្រីនិងអ្នកជំនាញក្នុងវិស័យមូលបត្របន្តក្រើនរំលឹកដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានច្បាស់លាស់មុនសម្រេចចិត្តបោះទុនវិនិយោគជាមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ