កម្ពុជា និងឌូបៃរំពឹងថា តាមរយៈវេទិកានេះវានឹងជួយជំរុញឱ្យទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរកាន់តែមានកំណើនខ្ពស់បន្ថែមទៀត ខណៈកាលពីឆ្នាំ២០២៤ ពាណិជ្ជកម្មមិនមែនប្រេងរវាងកម្ពុជា ជាមួយទីក្រុងឌូបៃ បានឈានដល់ជាង៣៩៤លានដុល្លារ កើនឡើងប្រមាណ៣% បើធៀបនឹងឆ្នាំ២០២៣។
នាវេទិកាធុរកិច្ច កម្ពុជា-ឌូបៃ «Doing Business with Cambodia» នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Salem Al Shamsi អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិនៃសភាពាណិជ្ជកម្មឌូបៃ បានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មឌូបៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចដោះដូរពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងគ្នាឱ្យកាន់តែប្រសើរថែមទៀត ខណៈកាលពីឆ្នាំ២០២៤ ពាណិជ្ជកម្មក្រៅពីប្រេងរវាងកម្ពុជា ជាមួយទីក្រុងឌូបៃ មានទំហំជាង៣៩៤លានដុល្លារ ដែលបានបង្កើតជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការចូលរួមកាន់តែជ្រៅបន្ថែមទៀតនាពេលអនាគត។ បើតាមថ្នាក់ដឹកនាំសភាពាណិជ្ជកម្មឌូបៃ រូបនេះ ក្នុងបេសកកម្មមកកាន់កម្ពុជា នាពេលនេះ សភាពាណិជ្ជកម្មឌូបៃ បានពាំនាំនូវតំណាងក្រុមហ៊ុនវិស័យឯកជនចំនួន១៦ មកពីវិស័យសំខាន់ៗ ដើម្បីមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ថ្នាក់ដឹកនាំរូបនេះបានបន្ថែមថា តាមរយៈកិច្ចសហការនេះដែរ វាក៏ជាឱកាសសម្រាប់កម្ពុជា ក្នុងការប្រើប្រាស់ច្រកទ្វាររបស់ឌូបៃក្នុងការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ពិភពលោកបន្ថែមផងដែរ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃភាពជាដៃគូនៃប្រទេសទាំងពីរនាពេលកន្លងមកនេះ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ទំនុកចិត្ត និងជួយសម្រួលដល់លំហូរពាណិជ្ជកម្ម និងការជំរុញការវិនិយោគទ្វេភាគី។ ទន្ទឹមនេះ ប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ ក៏បានលើកទឹកចិត្តដល់វិនិយោគិនឌូបៃ ចូលរួមកាន់តែសកម្ម និងប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់វេទិកាដ៏សំខាន់នេះ ក្នុងការចាប់យកកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា ដែលជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងតំបន់ និងពិភពលោក។
ជាមួយគ្នានេះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា រំពឹងថា វេទិការដ៏សំខាន់នេះនឹងផ្ដល់ភាពវិជ្ជមានចំពោះទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត ហើយក៏ជាឱកាសសម្រាប់វិនិយោគិននៃប្រទេសទាំងពីរអាចទាញយកផលប្រយោជន៍រួមបន្ថែម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ទំនាក់ទំនងរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម មិនត្រឹមតែជាដែគូពាណិជ្ជកម្មទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលជាមាគ៌ាដ៏សំខាន់ក្នុងការជំរុញទីផ្សារនៃប្រទេសទាំងពីរទៅកាន់តំបន់អាស៊ាន និងតំបន់មជ្ឈិមបូព៌ា។
គួរជម្រាបថា វិស័យដែលមានសក្តានុពលសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជា ដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងឌូប រួមមាន វិស័យទេសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋាន ដឹកជញ្ជូន វាយនភណ្ឌ ផលិតផលប្រើប្រាស់ និងឧបករណ៍ប្រើប្រាស់ ក៏ដូចជាការវិនិយោគលើសំណង់ និងហេដ្ឋារចនាសម្ព័ន្ធជាដើម៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ