ប្រធានាធិបតីអាល្លឺម៉ង់ លោកហ្វ្រាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ បានធ្វើដំណើរមកដល់កម្ពុជានៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ និងបានទស្សនាប្រាសាទអង្គរវត្តកម្ពុជាផងដែរ មុននឹងលោកជួបពិភាក្សាការងារជាមួយនឹងសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ។ ក្នុងជំនួបនោះ លោកប្រធានាធិបតី បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាល្លឺម៉ង់នៅកម្ពុជានាពេលនេះ បង្ហាញអំពីការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការបន្តកិច្ចសហការប្រតិបត្តិការនៅពេលអនាគត។
ជាមួយគ្នានោះ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានវាយតម្លៃខ្ពស់ និងពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរបាននិងកំពុងបន្តរីកចម្រើនទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
នៅព្រឹកថ្ងៃដដែលនោះ លោកប្រធានាធិបតីអាល្លឺម៉ង់ ក៏បានចូលជួបពិភាក្សាការងារជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយកិច្ចពិភាក្សានោះ បានផ្ដោតលើកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបញ្ហារួមមួយចំនួនទៀត។
តាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ទិដ្ឋភាពផ្សេងៗ ជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាមួយចំនួនទៀត ដែលមានផលប្រយោជន៍រួម គឺសុទ្ធសឹងជាចំណុចសំខាន់ ដែលលើកយកមកពិភាក្សា ក្នុងជំនួបពិភាក្សាការងាររវាង ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
អាល្លឺម៉ង់ គឺជាប្រទេសគូពាណិជ្ជកម្មធំបំផុតទី ៨ របស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីជាង១ពាន់២រយលានដុល្លារ កើនឡើងជាង១៩% ធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ កម្ពុជានាំចេញទៅអាល្លឺម៉ង់មានជាង១ពាន់ានដុល្លារ កើនឡើង២៣% ខណៈនាំចូលពីអាល្លឺម៉ង់មកវិញមាន ជាង១៦០លានដុល្លារ ថយចុះ ជិត១%។
សូមបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ហិរញ្ញប្បទានសម្បទាន ហិរញ្ញប្បទានឥតសំណង ក្នុងវិស័យអាទិភាពជាច្រើនសម្រាប់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤ មក រួមមាន៖ វិស័យអប់រំ, សុខាភិបាលនិងគាំពារសង្គម, ការអភិវឌ្ឍប្រកបដោយចីរភាព, អភិបាលកិច្ច, វប្បធម៌, ការកាត់បន្ថយភាពក្រីក្រ និងការបោសសម្អាតមីនជាដើម៕