ការដាក់ឲ្យដំណើរការនូវប្រព័ន្ធទូទាត់តាមQR Code ឆ្លងដែនជាមួយប្រទេសឡាវនេះ គឺធ្វើឡើងបន្ទាប់ពីធនាគារពាណិជ្ជដ៏ធំរបស់កម្ពុជាមួយនេះ បានអនុវត្តដោយជោគជ័យនូវប្រព័ន្ធទូទាត់ដូចគ្នានេះជាមួយនឹងប្រទេសថៃ និងវៀតណាមជាដើម។
បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា បន្ទាប់ពី មានភាពជោគជ័យតាមរយៈប្រព័ន្ធបាគងដែលធនាគារ អេស៊ីលីដា ជាសមាជិក និងត្រូវបានចាត់តាំង ដោយធនាគារជាតិ នៃ កម្ពុជា (NBC) ជាធនាគារទំនាក់ទំនង, ធនាគារ អេស៊ីលីដា នៅតែបន្តបេសកកម្មបន្ថែមទៀតជាមួយនឹងការពង្រីកការទូទាត់តាមរយៈ ការស្កេន QR ឆ្លងដែននៅសាធារណៈរដ្ឋប្រជាធិបតេយ្យឡាវ បន្ទាប់ពីបានដំណើរការទូទាត់ QR ឆ្លងដែនដោយជោគជ័យ នៅក្នុងប្រទេសថៃ និងវៀតណាម។ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ត្រូវបានជ្រើសរើសជាធនាគារទូទាត់ សម្រាប់ការទូទាត់ឆ្លងដែនរវាងកម្ពុជា និងឡាវ សម្រាប់ប្រតិបត្តិការទទួលយកការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀល និងឡាវគីប)។
លោកបណ្ឌិត បានបន្ថែមថា ការទូទាត់ឆ្លងដែននេះ មានគោលបំណងលើកកម្ពស់ការទូទាត់រវាងប្រទេសទាំងពីរ និងក្នុងតំបន់ ដើម្បីគាំទ្រដល់បរិយាប័ន្នហិរញ្ញវត្ថុ និងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ ការទូទាត់ឆ្លងដែនតាមរយៈ QR Code អនុញ្ញាតឱ្យអតិថិជន និងសាធារណជន អាចទិញទំនិញ និងធ្វើការទូទាត់ថ្លៃទំនិញនៅពេលធ្វើដំណើរទៅកាន់ប្រទេសជិតខាងដោយគ្រាន់តែស្កេន QR Code បានកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។ ប្រព័ន្ធទូទាត់ឌីជីថលនេះនឹងធ្វើឱ្យការទូទាត់កាន់តែប្រសើរឡើង សម្រាប់ភ្ញៀវទេសចរ និងក្រុមហ៊ុន ក៏ដូចជាពង្រឹងរូបិយបណ្ណក្នុងស្រុកនៃប្រទេសទាំងពីរ ព្រមទាំងសម្រួលដល់ប្រតិបត្តិការទូទាត់ និងកាត់បន្ថយចំណាយប្រតិបត្តិការ។ ជាងនេះទៅទៀត សម្រាប់ជំហានបន្ទាប់ អតិថិជននៃសមាជិកបាគងទាំងអស់នឹងអាចធ្វើការទូទាត់ជាប្រាក់រៀលពីគណនីធនាគារតាមទូរស័ព្ទរបស់ពួកគាត់នៅក្នុងប្រទេសឡាវ ហើយប្រជាជនឡាវក៏អាចធ្វើប្រតិបត្តិការស្កេន KHQR នៅកម្ពុជា បានយ៉ាងងាយស្រួល នាពេលខាងមុខនេះផងដែរ។
ឯកឧត្តម ប៊ូនលឿ ស៊ីនឆាយវ៉ូរ៉ាវង់ ទេសាភិបាលធនាគារជាតិឡាវ បានលើកឡើងថា ការទូទាត់ឆ្លងដែនតាម QR Code រវាងឡាវ និងកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញការប្រើប្រាស់រូបិយវត្ថុក្នុងស្រុករវាងប្រទេសទាំងពីរ ក៏ដូចជាការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។ លោក សង្ឃឹមថា ប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបត្តិផ្សេងៗទៀតក្នុងពេលខាងមុខពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ជាមួយគ្នានេះ លោកជំទាវ ជា សិរី បានថ្លែងកោតសរសេរចំពោះថ្នាក់ដឹកនាំរបស់ធនាគារអេស៊ីលីដា និងដៃគូសហការដែលបានខិតខំក្នុងការជំរុញឲ្យមានការទូទាត់ឆ្លងដែនជាមួយប្រទេសឡាវនាពេលនេះ ដ្បិតថា វាជាការរួមចំណែកដ៏សំខាន់ក្នុងការលើកម្ពស់ការប្រើប្រាស់រូបិយវត្ថុនៃប្រជាជាតិទាំងពីរ ពិសេសប្រាក់រៀលរបស់កម្ពុជាតែម្ដង។
សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៩ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួនជិត ៧ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ជិត៤លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ច្រើនជាជិត ៣លាននាក់ និងមានដៃគូអាជីវកម្ម ច្រើនជិត៣សែនដៃគូ៕