នាពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី«ការប្រឹក្សាយោបល់ និងជំនួយបច្ចេកទេសពាក់ព័ន្ធនវានុវត្តន៍បច្ចេកវិទ្យាគាំទ្រក្នុងវិស័យបរធនបាលកិច្ច» រវាងនិយ័តករបរធនបាលកិច្ច និងក្រុមហ៊ុន អាយជី ធិច គ្រុប នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចបានគូសបញ្ជាក់ថា គោលបំណងនៃការចុះអនុសារណៈនៃការយោគយល់គ្នានេះ គឺដើម្បីជំរុញទំនើបកម្ម និងនវានុវត្តន៍បច្ចេកវិទ្យានៅក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។ ថ្នាក់ដឹកនាំរូបនេះរំពឹងថា តាមរយៈនវានុវត្តន៍បច្ចេកវិទ្យានេះ វិស័យបរធនបាលកិច្ចនឹងអាចពង្រីកសក្តានុពលទីផ្សារចុះបញ្ជីរបស់ខ្លនទៅកាន់វិនិយោគិនបរទេសកាន់តែមានភាពទាក់ទាញ តាមរយៈការធ្វើបរិវត្តកម្មទ្រព្យសម្បត្តិបរធនបាលកិច្ច ដ្បិតថា ការធ្វើបរិវត្តកម្មបច្ចេកវិទ្យាទៅលើបរធនបាលកិច្ចនេះ គឺជាជម្រើសមួយដែលផ្តល់នូវសុវត្ថិភាពខ្ពស់បំផុត។
ទន្ទឹមនឹងនេះ ឯកឧត្តម សុខ ដារ៉ា បានគូសបញ្ជាក់ថា ដើម្បីចាប់យកឱកាសនៃការរីកចម្រើននៃបច្ចេកវិទ្យា និយ័តករបរធនបាលកិច្ចគ្រោងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីបរធនបាលកិច្ចតាមអនឡាញដំណាក់កាលដំបូងនាពេលឆាប់ៗខាងមុខនេះ ដែលវានឹងអាចជួយសម្រួល និងពង្រឹងការងារចុះបញ្ជីបរធនបាល ក៏ដូចជាអាចឱ្យវិនិយោគិនបរទេសអាចតាមដាន និងផ្ទៀងផ្ទាត់អំពីទឹកប្រាក់ដែលខ្លួនបានវិនិយោគនៅកម្ពុជាផងដែរ។
បើតាមការបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា ទីផ្សារបរធនបាលកិច្ចនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយគិតមកទល់ពេលនេះ មានបរធនបាលកិច្ចចុះបញ្ជីសរុបជាង១ពាន់ករណី ជាមួយទំហំបរធនប្រមាណជាង១ពាន់៥រយលានដុល្លារ។ ទន្ទឹមនេះ និយ័តករបរធនបាលកិច្ច បានផ្តល់អាជ្ញាបណ្ណដល់ដល់ក្រុមហ៊ុនបរធនបាលចំនួន១៣, ធនាគារពាណិជ្ជចំនួន២១, ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃបរធនបាលកិច្ចចំនួន១៥, ក្រុមហ៊ុនផ្តល់សេវាសាវនកម្មបរធនបាលកិច្ចចំនួន១៤ និងបរធនបាលរូបវ័ន្តបុគ្គលបានចំនួន៦៦រូបផងដែរ។
សូមជម្រាបថា «បរធនបាលកិច្ច» គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលដើរតួនាទីក្នុងការគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន