ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា ហាក់ទទួលបានកំណើនគួរឱ្យកត់សម្គាល់ ពោលគឺមានអ្នកដំណើររហូតដល់ជាង៦លាននាក់បានធ្វើដំណើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិ ទាំង៣ របស់កម្ពុជា មានការកើនឡើងប្រមាណ ២២% បើធៀបនឹងឆ្នាំ២០២៣។ បើមើលទៅលើចំនួនជើងហោះហើរចេញ-ចូល កាលពីឆ្នាំមុនវិញ គឺមានជាង៥ម៉ឺន៨ពាន់ជើង មានការកើនឡើងជាង១៤%។ ដោយឡែកសម្រាប់ស្ថានភាពនៃការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងរយៈពេលដូចគ្នានេះវិញ សម្រេចបានជិត៨ម៉ឺនតោន មានការកើនឡើងប្រមាណ៤០%។
បើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ចំនួន៣១ក្រុមហ៊ុន កំពុងហោះហើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិ ទាំង៣ របស់កម្ពុជា ដោយមានជើងហោះហើរចេញ-ចូលសរុបចំនួន១៨៩ជើងក្នុង១ថ្ងៃ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួន១៣១ជើង, អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ មានចំនួន៥២ជើង និងអាកាសយានដ្ឋានអន្តរជាតិ ព្រះសីហនុ មានចំនួន៦ជើង។
ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា នៅមួយរយៈពេលចុងក្រោយនេះស្ថានភាពរបស់វិស័យទេសចរណ៍តាមផ្លូវអាកាសរបស់កម្ពុជា ពិតជាមានកំណើនល្អប្រសើរពិតប្រាកដមែន ពិសេសនៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបតែម្តង។ តាមរយៈលទ្ធផលនេះ លោករំពឹងថា កំណើនភ្ញៀវទេសចរចូលមកកម្សាន្តនៅកម្ពុជា តាមផ្លូវអាកាសនៅឆ្នាំនេះនឹងមានការកើនឡើងបន្ថែមទៀត ដ្បិតថា កម្ពុជានឹងទទួលបានការតភ្ជាប់ជើងហោះហើរថ្មីៗបន្ថែមទៀតនៅឆ្នាំនេះ។
គួរជម្រាបថា បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជា បានវិលទៅរកស្ថានភាពដូចមុនពេលមិនទាន់មានវិបត្តិជំងឺកូវីដ-១៩ វិញហើយ ដោយនៅឆ្នាំ២០២៤ កន្លងទៅ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦,៧លាននាក់ កើនឡើងជិត២៣% បើធៀបនឹងឆ្នាំ២០២៣ និងកើនឡើងប្រមាណ១,៤% បើធៀបនឹងឆ្នាំ២០១៩។ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងឆ្នាំ២០២៤ ត្រូវបានវាយតម្លៃថា ទើបងើបឡើងវិញបានជាង៦៨% ប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនពេលមិនទាន់មានវិបត្តិជំងឺកូវីដ-១៩៕