ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបកអាក្រាតពីទង្វើរបស់ភាគីថៃ ដែលមិនត្រឹមតែរំលោភលើបទឈប់បាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ខំឱ្យពលរដ្ឋស៊ីវិលខ្មែររាប់ម៉ឺននាក់បាត់បង់ជម្រក និងរងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ ប្រមុខការទូតកម្ពុជាឯកឧត្តម ប្រាក់ សុខុន បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ប្រមុខការទូតកម្ពុជាបានសង្កត់ធ្ងន់ថា ទោះបីជាប្រទេសទាំងពីរកំពុងស្ថិតក្នុងការអនុវត្តបទឈប់បាញ់លើកទី២ក៏ដោយ ប៉ុន្តែយោធាថៃនៅតែបន្តឈរជើងហួសខ្សែបន្ទាត់ព្រំដែន និងបង្កការរំលោភបំពានយ៉ាងជ្រៅចូលមកក្នុងទឹកដីកម្ពុជា។
របាយការណ៍ដែលកម្ពុជាដាក់ទៅកាន់អង្គការសហប្រជាជាតិបានបង្ហាញថា យោធាថៃបានប្រើប្រាស់បន្លាលួស និងទូកុងតឺន័រ ដើម្បីគ្រប់គ្រងតំបន់ខុសច្បាប់ និងបានបណ្តេញពលរដ្ឋស៊ីវិលខ្មែរចេញពីផ្ទះសម្បែងដោយបង្ខំ។ សកម្មភាពអរិភាពនេះបានធ្វើឱ្យមនុស្សជិត៦៥ម៉ឺននាក់ ត្រូវផ្លាស់ទីលំនៅដោយភៀសសឹក ខណៈជាង៨ម៉ឺននាក់ផ្សេងទៀតនៅតែមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិដូចជាសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានជម្រក និងសេរីភាពខាងជំនឿសាសនាជាដើម។
ទោះជាយ៉ាងនេះក្ដីឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា កម្ពុជានៅតែរក្សាជំហរអត់ធ្មត់ខ្ពស់បំផុត និងមានការទទួលខុសត្រូវក្នុងនាមជាអ្នកជិតខាងល្អ ដោយបានផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹក និងធានានូវសេវាចាំបាច់នានា។ ទន្ទឹមនឹងការបកអាក្រាតទង្វើអយុត្តិធម៌ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តគោរពបទឈប់បាញ់ និងជំរុញឱ្យមានការសន្ទនាដោយសន្តិវិធី ដើម្បីនាំមកនូវប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ