សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាពិតជាមានកិត្តិយសដែលបានចូលរួមក្នុងការអំពាវនាវជាសកលនាពេលនេះ ខណៈការរួមគ្នានេះ ដើម្បីរៀបចំអនាគតសម្រាប់ពិភពលោក។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកិច្ចប្រជុំស្ដីពីអនាគតនេះ គឺជាពេលវេលាដ៏សំខាន់មួយក្នុងការបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នាជាថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមថ្ងៃមុខ និងបញ្ហាប្រឈមដែលប៉ះពាល់ដល់គ្រប់ប្រជាជាតិទាំងអស់។
ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមចំណែកជាមួយកិច្ចព្រមព្រៀងសម្រាប់អនាគតនូវទស្សនៈស្ដែងចេញពីដំណើរដែលកម្ពុជាបានឆ្លងកាត់ បន្ទាប់ពីងើបចេញពីស្រមោលនៃជម្លោះ។ សម្រាប់ថ្នាក់ដឹកនាំកម្ពុជា សន្តិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាង និងសម្រេចបាននូវវឌ្ឍនភាពនានា។ ប្រវត្តិសាស្រ្តបានបង្ហាញឱ្យឃើញថា បើសិនជាគ្មានសន្តិភាពទេ នោះគោលដៅនៃការលុបបំបាត់ភាពក្រីក្រ ការផ្ដល់នូវការអប់រំប្រកបដោយគុណភាព ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព នឹងកាន់តែពិបាកសម្រេចបានផងដែរ។ បទពិសោធន៍ទាំងនេះ បានក្រើនរំឮកអំពីសារសំខាន់នៃការធ្វើការរួមគ្នាឆ្ពោះទៅកាន់គោលដៅសកលរួមផងដែរ។ ជាមួយគ្នានោះ ចាប់តាំងពីឆ្នាំ២០០៦ មក កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពជាង៩ពាន់នាក់ទៅបម្រើការងារនៅក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ និងបានដើរតួនាទីផ្ដល់នូវសេវាសារវន្តនានា ជាពិសេសនៅក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន។ ការចូលរួមចំណែកនេះ មិនត្រឹមបង្ហាញពិការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះសន្តិភាពពិភពលោកប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញអំពីសារសំខាន់នៃការចូលរួមប្រកបដោយបរិយាបន្នក្នុងការថែរក្សាសុខសុវត្ថិភាព និងស្ថិរភាពនៅទូទាំងពិភពលោកផងដែរ។
ទន្ទឹមនេះ ការប្ដេជ្ញាចិត្តក្នុងការការពារបរិស្ថាន ក៏មានភាពរឹងមាំដូចគ្នាតាមរយៈកម្មវិធីរេដបូក។ កម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះផែនការយុទ្ធសាស្រ្តឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤ - ២០២៣ បង្ហាញពីអភិក្រមក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដោយផ្ដោតលើវិស័យសំខាន់ៗ ដូចជាវិស័យកសិកម្ម ធនធានទឹក និងសុខភាពសាធារណៈ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តដ៏ទូលាយរបស់កម្ពុជា ដើម្បីធានាបានថា ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ត្រូវបានសម្រេចស្របទៅនឹងការការពារបរិស្ថាន។
ទាក់ទងនឹងបរិវត្តកម្មឌីជីថល ត្រូវបានសម្ដេចធិបតី គូសបញ្ជាក់ថា កំពុងបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការបញ្ចប់នូវគម្លាតនៃការយល់ដឹងផ្នែកឌីជីថល និងការលើកកម្ពស់អក្ខរកម្មឌីជីថល។ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ជួយឱ្យកម្ពុជា ត្រៀមខ្លួនសម្រាប់អនាគត និងបរិយាបន្នឌីជីថល ដោយទទួលបានការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសមធម៌ គឺជាគន្លឹះក្នុងការជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ ជាមួយគ្នានេះ ការចូលរួមរបស់យុវជន ក៏ជាស្នូលនៃយុទ្ធសាស្រ្តរបស់កម្ពុជា សម្រាប់អនាគតផងដែរ ខណៈសិទ្ធិមនុស្ស គឺជាស្នូលនៃចក្ខុវិស័យជាតិ ហើយរាជរដ្ឋាភិបាលប្ដេជ្ញាធានាថា ការរីកចម្រើនរបស់ជាតិ គឺប្រកបដោយបរិយាបន្ន និងយុត្តិធម៌។
រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តចំពោះគោលការណ៍របស់អង្គការសហប្រជាជាតិ និងគោលដៅនៃកិច្ចព្រមព្រៀងសម្រាប់អនាគត ខណៈប្រវត្តិសាស្រ្តរបស់កម្ពុជា គឺជាសក្ខីភាពនៃថាមពលនៃសន្តិភាព។ ហើយក្នុងនាមជាប្រជាជាតិមួយ កម្ពុជាត្រៀមខ្លួនរួមជាស្រេច ដើម្បីចូលរួមយ៉ាងពេញលេញជាមួយសហគមន៍អន្តរជាតិ ដើម្បីប្រាកដថា សន្តិភាព ចីរភាព និងវិបុលភាពរួមគ្នា នឹងក្លាយជាការពិតយូរអង្វែងសម្រាប់ទាំងអស់គ្នា៕
អត្ថបទ៖ បូ ដូឡា, រូបភាព ឯកសារ