
ទាំងក្រសួងការពារជាតិ និងក្រសួងការបរទេសកម្ពុជា សុទ្ធតែបានចេញមកថ្កោលទោសចំពោះទង្វើឈ្លានពានរបស់កងទ័ពថៃ និងបានស្នើឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោស និងជំរុញឱ្យថៃ ទទួលខុសត្រូវចំពោះទង្វើទាំងគឃ្លើន និងខុសច្បាប់របស់ខ្លួន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅថ្ងៃទី២៤ កក្កដា ២០២៥ កងទ័ពថៃ បានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។ សម្រាប់សម្តេចធិបតី កម្ពុជា តែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះ កម្ពុជា គ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។
សម្តេចបានអះអាងថា រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហានមោះមុតក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិ ទាំងលើសមរភូមិយោធា និងសមរភូមិការទូត។ ទន្ទឹមនឹងនេះ សម្តេចធិបតី អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ និងសូមរក្សាភាពស្ងប់ស្ងាត់ និងមានលំនឹងក្នុងចិត្ត និងបន្តការងារប្រចាំថ្ងៃជាប្រកតី។
ក្រោយមានការប៉ះទង្គិចប្រដាប់អាវុធរវាងកងកម្លាំងកម្ពុជា និងថៃ ទាំងក្រសួងការពារជាតិ និងក្រសួងការបរទេស បានចេញមកថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅរបស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ស្ថាប័នទាំងពីរបានចាត់ទុកការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ ហើយសកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ ផងដែរ។
ទន្ទឹមនឹងនេះ កម្ពុជា ស្នើសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោស និងជំរុញឱ្យថៃ ទទួលខុសត្រូវទាំងស្រុងចំពោះទង្វើឈ្លានពានទាំងគឃ្លើន និងខុសច្បាប់មកដែលអធិបតេយ្យរបស់កម្ពុជា។ បន្ថែមើលើនេះ កម្ពុជា ក៏បានអំពាវនាវដល់ភាគីថៃ ឱ្យបញ្ឈប់រាល់អរិភាពរបស់ខ្លួនជាបន្ទាន់ ដោយដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួនវិញ ចៀសវាងសកម្មភាពញុះញង់ ដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង។ ជាមួយគ្នានេះ កម្ពុជា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយជម្លោះដោយសន្តិវីធី។ យ៉ាងណាក៏ដោយ កម្ពុជាក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនឹងចាត់រាល់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងសុវត្ថិភាពរបស់ពលរដ្ឋខ្មែរ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា