កម្ពុជា ប្រកាន់គោលជំហរឥតងាករេ

កម្ពុជា ប្រកាន់គោលជំហរឥតងាករេ នឹងបញ្ជូនសំណុំរឿងវិវាទព្រំដែនជាមួយថៃទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ


រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសរក្សាគោលជំហរឥតងាករេក្នុងការបញ្ជូនករណីវិវាទតាមខ្សែបន្ទាត់ព្រំដែនជាមួយថៃ នៅតំបន់រសើបមុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បើទោះបីភាគីថៃស្នើចរចាតាមយន្តការទ្វេភាគីដែលមានស្រាប់ក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា បញ្ហាតំបន់ទាំង៤នេះ មិនត្រូវបានដាក់បញ្ចូលនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មការប្រំដែនចម្រុះ (JBC) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនោះទេ។
កម្ពុជា ប្រកាន់គោលជំហរឥតងាករេ
ដោយ

កម្ពុជា ជឿជាក់ថា បញ្ហាជម្លោះព្រំដែនជាមួយថៃ បើមិនប្រើភាគីទី៣ទេ នឹងមិនអាចដោះស្រាយចប់ឡើយ។

បើយោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ករណីវិវាទនៅតំបន់ដែលមានភាពរសើបទាំងបួនរួមមានប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ត្រូវបានកម្ពុជា សម្រេចបញ្ជូនទៅដោះស្រាយនៅតុលាការ ICJ នៅទីក្រុងឡាអេ តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ មកម្ល៉េះ ព្រោះតំបន់ទាំងបួននេះនៅតែមិនទាន់ដាច់ស្រេច និងនៅតែមានភាពរសើប ដែលអាចបង្កភាពតានតឹងគ្រប់ពេលវេលា ប្រសិនបើមិនមានការដោះស្រាយទេនោះ។ កម្ពុជា សង្ឃឹមថា ភាគីថៃនឹងសហការបញ្ជូនសំណុំរឿងនេះទៅតុលាការ ICJ ក្នុងស្មារតីយុត្តិធម៌ ការកសាងទំនុកចិត្ត មិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ ហើយកម្ពុជា បានត្រៀមខ្លួនបន្តកិច្ចដំណើរការនេះ ដោយឯករាជ្យម្ចាស់ការ ក្នុងករណីដែលមិនមានកិច្ចសហការណាមួយ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិនិត្យដំណើរការនៃការស្វែងរកដំណោះស្រាយបញ្ហានេះដោយស្ងប់ស្ងាត់ អត់ធ្មត់ និងកុំធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហានៃអារម្មណ៍ជាតិសាសន៍ ឬជាតិនិយមជ្រុល។

ពាក់ព័ន្ធនឹងតំបន់រសើបនេះដែរ រដ្ឋាភិបាលថៃ បានចេញមកបដិសេធនឹងសំណើរបស់ភាគីកម្ពុជា ដែលនឹងនាំយកសំណុំរឿងព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តំបន់មុំបី និងប្រាសាទតាក្របី បញ្ជូនទៅកាន់តុលាការយុតិ្តធម៌អន្តរជាតិ ដើម្បីកាត់ក្ដី ដោយភាគីថៃ សុំត្រឹមដោះស្រាយបញ្ហាទាំងអស់នេះ តាមរយៈយន្ដការទ្វេភាគីដែលមានស្រាប់តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ប្រសិនបើគ្មានអ្វីប្រែប្រួលទេ កម្ពុជានឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខណ្ឌទ្វេភាគី ដែលមានស្រាប់ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប៉ុន្តែករណីតំបន់ទាំងបួនខាងលើនឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំ JBC នាពេលខាងមុខនេះនោះទេ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


បុគ្គលិក និងអតិថិជនរបស់ អិលអូអិលស៊ី បរិច្ចាគថវិកា ២៤លានរៀល សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ ២០២៥

អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំ និងឈានមុខគេនៅកម្ពុជា បន្ដចូលរួមក្នុងកិច្ចការមនុស្សធម៌ដ៏ថ្លៃថ្លាជាមួយរាជរដ្ឋាភិបាល និងស្ថា…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ