
លោក សុខ វិន ប្រធានសហគមន៍កសិកម្មតាសែនបាត់ដំបង និងជាអ្នកដាំពោតម្នាក់នៅក្នុងខេត្តបាត់ដំបងបានបង្ហាញការសាទរ និងលែងសូវមានការព្រួយបារម្ភចំបោះបញ្ហាទីផ្សារពោតនៅឆ្នាំនេះ ក្រោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សន្យាជាសាធារណៈជួយស្វែងរកទីផ្សារពោតជូនលោក និងកសិករដទៃទៀត។ ទន្ទឹមនឹងនេះ លោក ស្នើឱ្យរដ្ឋាភិបាលជួយគិតគូរធ្វើយ៉ាងណាឱ្យដំណាំពោតរបស់កសិករអាចលក់បានក្នុងតម្លៃសមរម្យនៅឆ្នាំនេះ។
ដោយឡែកលោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរជឿជាក់ថា ការសន្យាជួយរកទីផ្សារកសិផលរបស់រដ្ឋាភិបាល នឹងចូលរួមកាត់បន្ថយក្ដីបារម្ភរបស់កសិករខ្មែរ។ បើតាមអ្នកជំនាញរូបនេះ ដើម្បីឱ្យវិធានការរបស់រដ្ឋាភិបាលកម្ពុជាកាន់តែមានប្រសិទ្ធភាពលុះណាតែមានការជំរុញបន្ថែមឱ្យរោងចក្រកែច្នៃដំឡូងមីដែលមានស្រាប់នៅក្នុងស្រុកដែលផ្អាកដំណើរការនាពេលកន្លងមកឱ្យមានសកម្មភាពឡើងវិញ និងការចុះប្រមូលទិញនៅតាមតំបន់ជាដើម។
ពាក់ព័ន្ធបញ្ហានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅក្នុង«ទិវាមច្ឆជាតិ ១កក្កដា ២០២៥»ថា រដ្ឋាភិបាលបានត្រៀមខ្លួនក្នុងការរកទីផ្សារដំឡូងមី ពោត និងមៀនប៉ៃលិន ព្រមទាំងកសិផលផ្សេងៗទៀតជូនដល់កសិករ ខណៈបច្ចុប្បន្នកម្ពុជាកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចដោយជំរុញផលិតផលកសិកម្មមួយចំនួនដូចជាទុរេន និងមៀនប៉ៃលិនជាដើម ទៅកាន់ទីផ្សារប្រទេសចិន ដើម្បីឈានដល់ការធានាដល់ស្ថិរភាពនៃទីផ្សាររបស់កម្ពុជា។ បើតាមសម្តេចធិបតី ទោះបីប្រទេសថៃ មិនទាន់បើកច្រកទ្ចារព្រំដែនឱ្យដូចស្ថានភាពដើមក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជានៅតែស្វែងរកទីផ្សារជូនកសិករតាមរយៈការជួយទិញដើម្បីផ្គត់ផ្គង់ផ្ទៃក្នុងជំនួសការនាំចូល និងការនាំចេញទៅកាន់ប្រទេសផ្សេងទៀត។
ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពដល់វិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។ ជាក់ស្ដែងតាមរយៈការអនុវត្តនូវគោលនយោបាយដែលបានដាក់ចេញនៅក្នុងស្មារតីបុរេសកម្ម និងប្រកបដោយប្រសិទ្ធភាព វិស័យកសិកម្មទទួលបាននូវភាពរឹងមាំ និងធន់ និងបានរួមចំណែកក្នុងការបន្ធូរបន្ថយផលប៉ះពាល់ជាអវិជ្ជមានលើសេដ្ឋកិច្ចជាតិ និងបញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកង្វះអាហារូបត្ថម្ភ ព្រមទាំងចូលរួមកាត់បន្ថយអតិផរណាតម្លៃស្បៀងផងដែរ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ