
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ឃើញថា ក្រោយកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ ជាពិសេសពេលថៃបើកការវាយប្រហារចូលឈ្លានពានទឹកដីកម្ពុជាបានធ្វើឱ្យផ្នត់គំនិតនៃការប្រើប្រាស់ផលិតផលថៃរបស់ពលរដ្ឋខ្មែរមានការថមថយគួរឱ្យកត់សម្គាល់ ហើយមានពលរដ្ឋច្រើនបាននាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃថែមទៀតផង។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ពលរដ្ឋធ្វើពហិការមិនគាំទ្រផលិតផលថៃនេះមិនមែនជាឆន្ទៈរបស់រដ្ឋាភិបាលនោះទេ ដ្បិតរាជរដ្ឋាភិបាលតែងតែមានគោលជំហរមិនឱ្យមានការរើសអើងជាតិសាសន៍គ្នាទៅវិញទៅមក។ តែយ៉ាងណាអ្នកជំនាញរូបនេះបានចាត់ទុកការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃពីសំណាក់ពលរដ្ឋខ្មែរ វាបានបង្ហាញពីស្មារតីជាតិនិយមមួយ និងជាឆន្ទៈរបស់ពលរដ្ឋ ក្រោយឃើញការឈ្លានពានរបស់ថៃលើកម្ពុជា។
ជាមួយគ្នានេះលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ចំពោះការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃពីសំណាក់ពលរដ្ឋខ្មែរនេះ ជាសិទ្ធិរបស់ពួកគេ ក្រោយពីឃើញរូបភាពថៃឈ្លានពានមកលើកម្ពុជាដោយអាវុធធុនធ្ងន់។ អ្នកជំនាញរូបនេះបានអះអាងថា ក្រុមហ៊ុនថៃបោះទុនវិនិយោគនៅកម្ពុជាមានច្រើនជាងកម្ពុជាមាននៅក្នុងប្រទេសថៃ ហើយសម្រាប់ការធ្វើពហិការរបស់ពលរដ្ឋខ្មែរនេះ វាក៏ជាសារមួយដាស់តឿនដល់ក្រុមអ្នកនយោបាយថៃដែលបានរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជាផងដែរ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំជិត២ពាន់២រយលានដុល្លារមានការកើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំប្រមាណ៤៤៨លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាវិញមានទំហំជាង១ពាន់៧រយលានដុល្លារឯណោះ។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទដោយ៖ ជា ម៉ារ៉ា