
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានគូសបញ្ជាក់ថា មកដល់ពេលនេះ ការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជា ទៅកាន់ទីផ្សារចិន ពុំទាន់អាចធ្វើទៅបាននៅឡើយទេ ដោយសារនៅមានភាពស្មុគស្មាញមួយចំនួនពាក់ព័ន្ធនឹងការចុះបញ្ជីតាមនីតិវិធីរបស់គយចិន។ បើតាមអ្នកជំនាញរូបនេះ មកដល់ពេលនេះ បណ្ដាក្រុមហ៊ុននាំចេញកំពុងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្របសម្រួលលើនីតិវិធីក្នុងការនាំចេញ។ ជាមួយគ្នានេះ លោក ស៊ុយ កុកធាន សង្ឃឹមថា សំបុកត្រចៀកកាំរបស់កម្ពុជា នឹងអាចនាំចេញទៅទីផ្សារចិនបាន ហើយនឹងធ្វើឱ្យតម្លៃមានភាពប្រសើរនាពេលខាងមុខ។
ស្រដៀងគ្នានេះ លោកជំទាវ វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា បានឱ្យដឹងថា មកដល់ពេលនេះ កម្ពុជា នៅពុំទាន់អាចនាំចេញសំបុកត្រចៀកកាំដោយផ្ទាល់ទៅទីផ្សារប្រទេសចិន បាននៅឡើយទេ ដោយសារពាក់ព័ន្ធនឹងរបាំងបច្ចេកទេស។ បើតាមអ្នកជំនាញរូបនេះ ក្រសួងពាក់ព័ន្ធបានខិតខំជួយសម្របសម្រួលដើម្បីឈានដល់ការនាំចេញទៅទីផ្សារប្រទេសចិន ខណៈនៅថ្ងៃទី២៦ ខែកញ្ញា ខាងមុខ អ្នកជំនាញរបស់ចិន នឹងចុះមកចែករំលែកពីនីតិវិធីក្នុងការនាំចេញ។ ជាមួយគ្នានេះ លោកជំទាវ វ៉ា សុជិន សង្ឃឹមថា ប្រសិនបើមិនមានឧបសគ្គទេ នោះសំបុកត្រចៀកកាំរបស់កម្ពុជា អាចនាំចេញបាននៅចុងឆ្នាំ២០២៥ នេះ ឬនៅដើមឆ្នាំ២០២៦។
សូមបញ្ជាក់ថា សំបុកត្រចៀកកាំរបស់កម្ពុជា ត្រូវបានអាជ្ញាធរចិន បើកភ្លើងខៀវឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្រោមការទាមទារឱ្យគោរពលក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាគុណភាព ខណៈអ្នកជំនាញរំពឹងថា វានឹងជួយពង្រីកទីផ្សារសំបុកត្រចៀកកាំរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ និងមានតម្លៃល្អប្រសើរបន្ថែមទៀត។ បើតាមប្រធានសមាគមត្រចៀកកាំខ្មែរ កម្ពុជា មានសក្ដានុពលខ្ពស់ក្នុងការចិញ្ចឹមសត្វត្រចៀកកាំ ខណៈមកទល់ពេលនេះការចិញ្ចឹមត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់ពី៥ពាន់ ទៅ៧ពាន់ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំបានប្រមាណ១០០តោនក្នុង១ឆ្នាំ៕
អត្ថបទ៖ បូ ដូឡា