លោកបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យមួយរូបនៅកម្ពុជា បានគូសបញ្ជាក់ថា ទីផ្សារអចលនទ្រព្យនៅក្នុងរយៈពេលជិត៦ខែកន្លងមកនេះពុំមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ពោលគឺប្រហាក់ប្រហែលនឹងស្ថានភាពក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ការទិញលក់អចលនទ្រព្យនៅតែបន្តកើតមានជាហូរហែ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ ហើយការទិញទៀតសោត អតិថិជនហាក់មានការប្រយ័ត្នប្រយែងខ្ពស់ជាងមុនមិនប្រថុយប្រថានដូចមុននោះទេ។
បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ កត្តាដែលធ្វើឱ្យអតិថិជនមានការប្រយ័ត្នប្រយែងក្នុងការទិញអចលនទ្រព្យ គឺដោយសារកន្លងមកមានករណីបោកប្រាស់អតិថិជនបានកើតមានជាបន្តបន្ទាប់ក្នុងវិស័យនេះ។ ស្ថិតក្នុងស្ថានភាពបែបនេះអ្នកជំនាញរូបនេះវាយតម្លៃថា ស្ថានភាពទីផ្សារអចលនទ្រព្យនៅក្នុងឆ្នាំ២០២៤ ទំនងជាមិនអាចមានស្ថានភាពល្អប្រសើរជាងឆ្នាំ២០២៣ នោះទេ។
ពាក់ព័ន្ធស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា នេះដែរ លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា កត់សម្គាល់ឃើញថា មកទល់ពេលនេះទីផ្សារអចលនទ្រព្យនៅកម្ពុជា មិនទាន់មានការវិវត្តល្អប្រសើរឡើងវិញនៅឡើយទេ ពោលគឺស្ថិតក្នុងស្ថានភាពទ្រឹង។ កត្តាដែលធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជា មិនទាន់មានសន្ទុះងើបឡើងវិញ ក៏ដោយសារកន្លងមកមានការវិនិយោគខ្លាំងពេកក្នុងវិស័យនេះ ដែលធ្វើឱ្យការផ្គត់ផ្គង់លើសតម្រូវការ ស្របពេលទីផ្សារអចលនទ្រព្យនៅកម្ពុជាមានទំហំតូច ហើយពឹងផ្អែកខ្លាំងលើទីផ្សារខាងក្រៅ។
យ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចជាន់ខ្ពស់រូបនេះ កត់សម្គាល់ឃើញថា អចលនទ្រព្យដែលជួបបញ្ហាការផ្គត់ផ្គង់លើសតម្រូវការនៅកម្ពុជាភាគច្រើន ជាប្រភេទអលចនទ្រព្យមានតម្លៃខ្ពស់ ដូច្នេះក្នុងកាលៈទេសៈបច្ចុប្បន្នលោកលើកទឹកចិត្តឱ្យវិនិយោគិនជាតិ និងអន្តរជាតិ គួរងាកទៅវិនិយោគលើអចលនទ្រព្យ និងលំនៅឋានដែលមានតម្លៃសមរម្យ ព្រោះទីផ្សារប្រភេទនេះនៅមានតម្រូវការខ្ពស់ ហើយការផ្គត់ផ្គង់នៅមានចំនួនតិចតួចនៅឡើយ។
ធនាគារជាតិនៃកម្ពុជា បានព្យាករថា វិស័យសំណង់នៅកម្ពុជានឹងសម្រេចបានកំណើនក្នុងកម្រិតទាប១,១% នៅឆ្នាំក្នុង២០២៤ នេះ ដែលគាំទ្រដោយកំណើនលំហូរទុនវិនិយោគពីបរទេស និងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ តែយ៉ាងណា វិស័យនេះអាចបន្តប្រឈមនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល បញ្ហាសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល ជាពិសេសជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាម៉េរិក ក៏ដូចជាការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន។
បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការនាំចូលសម្ភារសំណង់នៅត្រីមាសទី១ឆ្នាំ២០២៤ មានទំហំជិត៣៥០លានដុល្លារ មានការកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំជាង២៨៥លានដុល្លារ៕