តើកូនស្រីលោកថាក់ស៊ីន អាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃដែរឬទេ?

តើត្រកូលស៊ីណាវ៉ាត្រា អាចនឹងក្តោបក្តាបអំណាចនយោបាយ ថៃបានវិញឬទេ នៅក្នុងការបោះឆ្នោតនាពេលខាងមុខ?


គណបក្សប្រឆាំងដ៏ធំបំផុតរបស់ថៃ គឺបក្សភឿថៃ កំពុងមានបំណងប្រមូលអាសនៈក្នុងសភាឱ្យបានច្រើនកាន់តែល្អ នៅក្នុងការបោះឆ្នោតសកលដែលនឹងចូលមកដល់នៅពាក់កណ្តាលខែឧសភានេះ ដើម្បីចាក់តាំងរដ្ឋាភិបាលថ្មីដោយមិនចាំបាច់បង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្សដទៃ។ តើបក្សភឿថៃដែលមានបេក្ខភាពនាយករដ្ឋមន្ត្រីជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ពិតជាអាចក្តោបក្តាបអំណាចក្នុងប្រទេសថៃវិញបានឬទេ?
តើកូនស្រីលោកថាក់ស៊ីន អាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃដែរឬទេ?

បើតាមសារព័ត៌មានសឹង្ហបុរី CNA, បច្ចុប្បន្ននេះ គណបក្សភឿថៃកំពុងមានមហិច្ឆតា និងកំណត់គោលដៅយកជ័យជម្នះ ដោយផ្តោតលើគោលនយោបាយប្រកបដោយភាពទាក់ទាញ សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅថ្ងៃទី​ ១៤ ឧសភា បូករួមទាំងការផ្តល់នូវប្រាក់ឌីជីថលសម្រាប់ពលរដ្ឋថៃទាំងអស់ក្រោយអាយុ១៦ឆ្នាំផងដែរ។

បក្សប្រឆាំងដ៏មានឥទ្ធិពលបំផុតរបស់ថៃមួយនេះក៏បានបង្ហើបអំពីបេក្ខភាពនាយករដ្ឋមន្ត្រីដ៏លេខធ្លោរបស់បក្សទៀតផង គឺលោកស្រី ប៉ៃតុងតាន ស៊ីនណាវ៉ាត្រា ដែលត្រូវជាកូនស្រីបង្កើតរបស់លោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រា និងជាក្មួយស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃគឺលោកស្រី យ៉ីងឡាក់។

លោកស្រី ប៉ៃតុងតាន គឺជាបេក្ខភាពមួយរូបសម្រាប់តំណែងានាយករដ្ឋមន្ត្រីនៃបក្សភឿថៃ។ នៅក្នុងការឃោសនាបោះឆ្នោតមួយនៅទីក្រុងបាងកកកាលពីខែមុន លោកស្រី​បានប្រាប់ទីភ្នាក់ងារ CNA ថា៖ «ខ្ញុំបានធ្វើដំណើរស្ទើរពេញមួយប្រទេសទៅហើយ ហើយអ្វីដែលយើងស្តាប់ឮនោះគឺយើងជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រជាជនថៃក្នុងពេលឥលូវនេះ​។ ប្រសិនបើពួកគេបោះឆ្នោតដើម្បីប្រជាធិបតេយ្យ ពួកគេត្រូវតែបោះឱ្យពួកយើង ព្រោះថាយើងមានជម្រើស និងសមត្ថភាពគ្របគ្រាន់ក្នុងការធ្វើឱ្យប្រទេសនេះជាទីដ៏ល្អប្រសើរឡើងវិញបាន»។

ទោះយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍មានការយល់ឃើញថា អ្នកបោះឆ្នោតក៏នឹងពិចារណាផងដែរនូវសមិទ្ធិផលរបស់បក្សភឿថៃនៅពេលកាន់អំណាចពីមុន។ បក្សភឿថៃ បានឈ្នះរាល់ការបោះឆ្នោតចាប់តាំងពីឆ្នាំ២០០១ ដែលគ្រប់ដណ្តប់ភាគច្រើននៅភាគខាងជើង និងភាគឦសាននៃប្រទេស ប៉ុន្តែវាប្រហែលជាមិនងាយស្រួលទេក្នុងការបង្វែរនិន្នាការនយោបាយឱ្យពួកគេពេញចិត្តនៅពេលនេះ។ ហេតុអ្វី?

បើតាមលោកបណ្ឌិត នុត្តាខន វីទីតាណុន (Nuttakorn Vititanon) មកពីមហាវិទ្យាល័យនយោបាយនិងរដ្ឋាភិបាលនៃសាកលវិទ្យាល័យឈៀងម៉ៃ បានប្រាប់ CNA ថា អ្នកបោះឆ្នោតជំនាន់ក្រោយដែលមិនធ្លាប់មានបទពិសោធន៍អំពីភាពជោគជ័យ និងសមទ្ធិផលរបស់បក្សភឿថៃ នឹងមិនបោះឆ្នោតឱ្យគណបក្សនេះឡើយ។

គួរជម្រាបដែរថា​ គណបក្សភឿថៃមានមហិច្ឆតាចង់យកឈ្នះយ៉ាងហោចណាស់៣១០អាសនៈក្នុងចំណោមអាសនៈទាំងអស់៥០០អាសនៈ។ នៅក្នុងការបោះឆ្នោតចុងក្រោយរបស់ខ្លួនកាលពីឆ្នាំ២០១១ បក្សនេះបានឈ្នះ ២៦៥អាសនៈប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ បក្សប្រឆាំងដ៏ធំមួយទៀត ក៏គេមិនអាចមើលរំលងបានដូចគ្នា គឺគណបក្សឆ្ពោះទៅមុខ។

បេក្ខនារីម្នាក់ក្នុងចំណោមបេក្ខជនផ្សេងៗទៀតសម្រាប់តំណែងសមាជិកសភារបស់បក្សឆ្ពោះទៅមុខ គឺលោកស្រី​ ភេចរ៉ាត់ ម៉ៃចុមប៉ូ (Phetcharat Maichompoo) បាននិយាយថា អ្នកស្រីមានការព្រួយបារម្ភបន្តិចអំពីសន្ទុះរបស់បក្សភឿថៃ តែគោលនយោបាយគណបក្សរបស់លោកស្រីគឺជា «ដំណោះស្រាយប្រកបដោយនិរន្តរភាព»។ លោកស្រីបានបន្តថា៖​ «មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​គិត​ថា​គណបក្ស​របស់​យើង​ជ្រុល​និយម​ពេក។ ប៉ុន្តែ​បន្ទាប់​ពី​បាន​ចុះ​ទៅ​មើល​សហគមន៍ និង​ពន្យល់​ពី​គោល​នយោបាយ​របស់​យើង​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ពួកគេ​បាន​ដឹង​ថា យើង​ត្រូវ​កែទម្រង់​រចនាសម្ព័ន្ធដែល​ជា​មធ្យោបាយ​ដោះស្រាយ​ឫសគល់​នៃ​បញ្ហា»៕




អត្ថបទបន្ទាប់


កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នៅឥណ្ឌូនេស៊ីចាប់ផ្ដើមហើយ ខណៈវិបត្តិមីយ៉ានម៉ា និងការប្រជែងគ្នារវាងអាមេរិក-ចិន ជាកិច្ចពិភាក្សាចម្បង

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រយៈពេល២ថ្ងៃ ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះបានចាប់ផ្ដើមហើយកាលពីព្រឹកថ្ងៃទី ១០ ខែ…

សេដ្ឋកិច្ចអាមេរិកកើនយឺតត្រឹម ១,១% នៅត្រីមាសទី១ឆ្នាំនេះ តើដល់សញ្ញានៃការធ្លាក់ចូលក្នុងវិបត្តិហើយ ឬយ៉ាងណា?

សេដ្ឋកិច្ចអាមេរិកបានដើរអូសជើងជាបន្ដបន្ទាប់រាប់តាំងពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ ដោយរក្សាបានកំណើនប្រចាំត្រីមាសទី១នេះនៅត្រឹមតែ១,១% ប៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ