
ពលរដ្ឋយ៉ាងច្រើនកុះករបានប្រមូលផ្ដុំគ្នានៅលើវាលស្មៅជិតវិមានវ៉ាស៊ីនតុន ក្រោមផ្ទៃមេឃអាប់អួ និងភ្លៀងធ្លាក់តិចៗ។ ក្រុមអ្នករៀបចំបាតុកម្មបានប្រាប់ទីភ្នាក់ងារព័ត៌មានធំៗថា តាមការប៉ាន់ប្រមាណមនុស្សជាង២ម៉ឺននាក់ ចូលរួមក្នុងមហាបាតុកម្មនៅឧទ្យាន National Mall។ សកម្មជនប្រមាណ១៥០នាក់ បានចុះឈ្មោះដើម្បីចូលរួមមហាបាតុកម្ម ដែលគ្រោងធ្វើឡើងនៅក្នុងរដ្ឋទាំង៥០របស់សហរដ្ឋអាម៉េរិក ព្រមទាំងនៅក្នុងប្រទេសកាណាដា និងប្រទេសម៉ិកស៊ិកផងដែរ។
ដោយមានការគាំទ្រពីលោក ដូណាល់ ត្រាំ នាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល (DOGE) ក្រោមការដឹកនាំរបស់កំពូលមហាសេដ្ឋី Elon Musk បានកាត់បន្ថយការងារសហព័ន្ធរហូតដល់ទៅជាង២០ម៉ឺនកន្លែងក្នុងចំណោមការងារសហព័ន្ធចំនួន២,៣លានកន្លែង។ ដំណើរការកាត់បន្ថយបុគ្គលិកសហព័ន្ធនេះបានបង្កភាពច្របូកច្របល់យ៉ាងខ្លាំងដោយសារការបាត់បង់បុគ្គលិកសំខាន់ៗ។
ការកាត់បន្ថយចំនួនមន្ត្រីសហព័ន្ធទ្រង់ទ្រាយធំមិនធ្លាប់មានជាប្រវត្តិសាស្ត្រដើម្បីជួយសន្សំសំចៃថវិកាជាតិនេះ បានធ្វើឱ្យពលរដ្ឋអាម៉េរិកជាច្រើនបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ជួបវិបត្តិហិរញ្ញវត្ថុក្នុងគ្រួសារ ដែលនាំឱ្យពួកគេផ្ទុះកំហឹងនឹងលោក ដូណាល់ ត្រាំ យ៉ាងខ្លាំង។
នៅប៉ុន្មានម៉ោងមុនការតវ៉ាចាប់ផ្តើមនៅលើទឹកដីសហរដ្ឋអាម៉េរិក ពលរដ្ឋអាម៉េរិករាប់រយនាក់ដែលរស់នៅក្នុងទ្វីបអឺរ៉ុប បានប្រមូលផ្តុំគ្នានៅទីក្រុងប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់ ក្រុងហ្វ្រែងហ្វើត (Frankfurt) នៃប្រទេសអាល្លឺម៉ង់ ទីក្រុងប៉ារីស នៃប្រទេសបារាំង និងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ដើម្បីសម្តែងការប្រឆាំងនឹងការផ្លាស់ប្តូរគោលនយោបាយការបរទេស និងគោលនយោបាយក្នុងស្រុករបស់សហរដ្ឋអាម៉េរិក ដែលកំពុងកើនឡើង។
ទន្ទឹមនេះ ភ្នាក់ងារគយអាម៉េរិក កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនបានចាប់ផ្ដើមប្រមូលពន្ធ១០% ដែលលោក ដូណាល់ ត្រាំ បានដាក់ជាឯកតោភាគីលើគ្រប់ទំនិញនាំចូលពីប្រទេសជាច្រើន និងបានដាក់ពន្ធខ្ពស់ជាងនេះលើទំនិញនាំចូលពីប្រទេសជាដៃគូពាណិជ្ជកម្មធំៗចំនួន៥៧ផ្សេងទៀតដោយចាប់ផ្ដើមពីសប្ដាហ៍នេះតទៅ៕
ដោយ: តែម សុខុម