ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)

ថ្នាក់ដឹកនាំ CDC រំពឹងថា អាម៉េរិកនឹងពិចារណាផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដល់កម្ពុជាឡើងវិញ


ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រំពឹងថា សហរដ្ឋអាម៉េរិកនឹងពិចារណាផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ដែលបានផុតសុពលកាលពីជាង៣ឆ្នាំមុន ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍រួមទាំងកម្ពុជាឡើងវិញ។ ការបង្ហាញក្តីរំពឹងបែបនេះធ្វើឡើងក្នុងអំឡុងពេលថ្នាក់ដឹកនាំ CDC ចេញទៅផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ដើម្បីទាក់ទាញការវិនិយោគនៅសហរដ្ឋអាម៉េរិក។
ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
ដោយ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅសហរដ្ឋអាម៉េរិក បានអះអាងថា ការដកប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់អាម៉េរិកកាលពីកន្លងទៅមិនមែនមានតែកម្ពុជានោះទេ ពោលគឺមានប្រទេសជាច្រើនទៀត ក៏ត្រូវបានអាម៉េរិកដកចេញផងដែរ។

ទោះបីមកទល់ពេលនេះពុំទាន់មានពន្លឺនៃការទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះត្រឡប់មកវិញក៏ដោយ តែថ្នាក់ដឹកនាំរូបនេះ រំពឹងថា សហរដ្ឋអាម៉េរិកនឹងពិចារណាផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនេះដល់កម្ពុជា និងប្រទេសផ្សេងៗឡើងវិញនាពេលអនាគតដ៏ខ្លីខាងមុខ។

បើតាមការអះអាងរបស់អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រូបនេះ ច្បាប់វិនិយោគរបស់កម្ពុជា មិនតម្រូវ ឬបដិសេធការវិនិយោគរបស់ក្រុមហ៊ុនមកពីសហរដ្ឋអាម៉េរិក ឬប្រទេសណាមួយឡើយ ផ្ទុយទៅវិញកម្ពុជា ចង់បានក្រុមហ៊ុនមកពីអាម៉េរិក និងអឺរ៉ុបជាច្រើន ដើម្បីមកបណ្ដាក់ទុន និងចែករំលែកបទពិសោធន៍នៅកម្ពុជា ដោយឈរលើគោលការណ៍ច្បាប់។

សូមរំលឹកថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាម៉េរិក បានផុតសុពលភាពកាលពីដំណាច់ឆ្នាំ២០២០ ហើយមកទល់ពេលនេះ មិនទាន់មានសញ្ញាណាមួយបង្ហាញថា សហរដ្ឋអាម៉េរិកនឹងបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធនេះដល់កម្ពុជា បន្តទៀតនោះទេ បើទោះបីមានការចរចា និងស្នើសុំពីភាគីកម្ពុជា ក៏ដោយ។

សហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ហើយទោះបីកម្ពុជា មិនមានប្រព័ន្ធអនុគ្រោះពន្ធ GSP ក៏ដោយ តែការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់។ ជាក់ស្តែងនៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយសហរដ្ឋអាម៉េរិក មានទំហំជិត៧ពាន់លានដុល្លារ មានការកើនឡើងជាង១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមទិនិ្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទ៖ បូ ដូឡា ,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet និង Castlelake បានផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់សម្រាប់យន្តហោះ Airbus ចំនួន ៤គ្រឿងដែលមានតម្លៃ ៥៦០ លានដុល្លារអាមេរិក

ក្រុមហ៊ុន Vietjet និង Castlelake ដែលជាអ្នកគ្រប់គ្រងការវិនិយោគជំនួសសកលដែលមានឯកទេសក្នុងការវិនិយោគលើទ្រព្យសកម្មដែលមានបទពិសោធន៍ជិត ២០ ឆ្ន…

តើកម្ពុជា ទទួលបានផលចំណេញសេដ្ឋកិច្ច និងពាណិជ្ជកម្មអ្វីខ្លះ ក្រោយចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក២០ឆ្នាំកន្លងមកនេះ?

បន្ទាប់ពីមានការចរចាជាច្រើនឆ្នាំ កម្ពុជាបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ