បើតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ធនាគារលំនៅឋានរដ្ឋាភិបាល ជនជាតិចិន បានទិញខុនដូជាង២ពាន់៨រយយូនីត នៅប្រទេសថៃ ពីខែមករា ដល់ខែមិថុនា ដែលស្មើនឹងជិត៤០% នៃចំនួនខុនដូដែលបានលក់ទៅឱ្យជនបរទេស ដែលធ្វើឱ្យពួកគេនាំមុខគេក្នុងចំណោមជនបរទេសដែលបានទិញខុនដូនៅប្រទេសថៃ ក្នុងឆមាសទី១ឆ្នាំនេះ។
ជនជាតិមីយ៉ាន់ម៉ា បានក្លាយជាអ្នកទិញខុនដូកំពូលទីពីរបន្ទាប់ពីចិន ដោយពួកគេបានទិញខុនដូចំនួន៦៣៨យូនីត ស្មើនឹង៨,៨% បន្ទាប់មកជនជាតិរុស្ស៊ី ក្រោយទិញខុនដូចំនួន៥៦៧យូនីត ស្មើនឹង៧,៨% បន្ទាប់មកទៀត គឺចិនតៃវ៉ាន់ មានចំនួន៣២៦យូនីត ស្មើនឹង៤,៥% ហើយចុងក្រោយគឺសហរដ្ឋអាម៉េរិកមាន២៩២យូនីត ស្មើនឹង៤%។
លោក វីឆៃ វីរ៉ាតកាផាន (Wichai Wiratkapan) នាយកមជ្ឈមណ្ឌល REIC បាននិយាយថា ខុនដូដែលជនជាតិចិន បានទិញមានតម្លៃសរុបជាង៤០០លានដុលា្លរ ឬស្មើនឹងជាង៤០% នៃតម្លៃខុនដូ ដែលបានលក់ឱ្យជនបរទេសនៅក្នុងឆមាសទី១ឆ្នាំនេះ។ តែទោះជាយ៉ាងណាក៏ដោយការលក់ខុនដូឱ្យជនបរទេសជារួមនៅក្នុងប្រទេសថៃ ធ្លាក់ចុះ៦% នៅត្រីមាសទីពីរឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយធ្លាក់មកនៅត្រឹមជាង៣,៣០០យូនីតប៉ុណ្ណោះ ហើយបើគិតជាទឹកប្រាក់បានធ្លាក់ចុះ១៨% មកនៅត្រឹមជិត៤៥០លានដុល្លារ។
ការធ្លាក់ចុះបរិមាណលក់ខុនដូឱ្យជនជាតិចិនរបស់ថៃ មានការធ្លាក់ចុះ គឺដោយសារតែសេដ្ឋកិច្ចចិនកំពុងជួបបញ្ហានៅឡើយ ហើយមួយផ្នែកទៀតអាចបណ្ដាលមកពីការរឹតបន្តឹងលើការផ្ទេរប្រាក់ចេញពីប្រទេសចិន៕
អត្ថបទ៖ សុខ មង្គល