នៅថ្ងៃទី២០ ខែវិច្ឆិកានេះ អាហ្រ្វិកខាងត្បូង បានប្រកាសបើកការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃលើផលិតផលដែករ៉ូឡូរបស់ចិន ជប៉ុន និងតៃវ៉ាន់។ ប្រសិនបើការស៊ើបអង្កេតរកឃើញថា ផលិតផលដែករ៉ូឡូទាំងនោះត្រូវបានលក់ក្នុងតម្លៃទាបជាងទីផ្សារ ដែលបង្កគ្រោះថ្នាក់ដល់ឧស្សាហកម្មរបស់ខ្លួន នោះអាហ្រ្វិកខាងត្បូងនឹងកំណត់យកពន្ធបន្ថែមដើម្បីធ្វើឱ្យដែកទាំងនោះមានតម្លៃស្មើទីផ្សារ។
ការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃថ្មីៗកំពុងកើនឡើងនៅឆ្នាំ២០២៤ នេះ ហើយប្រទេសចិន បានក្លាយជាគោលដៅចម្បងនៃការស៊ើបអង្កេតទាំងនេះ។ ក្នុងចំណោមការស៊ើបអង្កេត៣៥ករណីជុំវិញការលក់បង្ខូចថ្លៃដែកថែប គិតត្រឹមខែតុលា ឆ្នាំនេះ គឺមានរហូតដល់២៥ករណី ពាក់ព័ន្ធនឹងក្រុមហ៊ុននាំចេញរបស់ចិន ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៦ មក។
បណ្ដាក្រុមហ៊ុនផលិតដែកថែបនៅក្នុងប្រទេសចិន កំពុងសម្រុកបង្កើនការផលិតដែកថែប បើទោះបីជាតម្រូវការធ្លាក់ចុះយ៉ាងណាក្ដី ខណៈដែលវិស័យអចលនទ្រព្យរបស់ប្រទេសចិន ក៏កំពុងជាប់ផុងក្នុងវិបត្តិ ពោលគឺក្រុមហ៊ុនចិនទាំងនោះ សម្រុកនាំចេញទៅកាន់ទីផ្សារបរទេសយ៉ាងជោរជន់។
ទិន្នន័យគយរបស់ចិន បានបង្ហាញថា ការរនាំចេញដែកថែបរបស់ប្រទេសចិន បានកើនឡើង២៣% ឈានដល់ប្រមាណ៩២លានតោន នៅក្នុងរយៈពេល១០ខែ ឆ្នាំនេះ ខណៈដែលតម្លៃនាំចេញកំពុងធ្លាក់ចុះ។
ទន្ទឹមនេះ ការស៊ើបអង្កេតថ្មីៗលើដែកថែបពីប្រទេសជប៉ុន ក៏កំពុងកើនឡើងផងដែរ ដោយក្នុងរយៈពេល១០ខែដើមឆ្នាំនេះ មានការស៊ើបអង្កេត៤ករណី បើធៀបនឹង២ករណី នៅក្នុងឆ្នាំ២០២៣ ខណៈដែលនៅក្នុងឆ្នាំ២០២០ និង២០២២ គ្មានការស៊ើបអង្កេតនោះឡើយ។ ជាការពិតណាស់ ប្រសិនបើការស៊ើបអង្កេតស្រដៀងគ្នានេះកើនឡើង នោះការនាំចេញដែកថែបរបស់ប្រទេសជប៉ុន អាចប្រឈមនឹងការរឹតបន្តឹង៕
ដោយ: តែម សុខុម