![កាស៊ីណូ](https://cdn.cambonomist.com/media/images/chn_mnbnbnghnhkrktrchpphsdadsa1231.2e16d0ba.fill-960x540.jpg)
នៅក្នុងអំឡុងពេលទៅបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានអះអាងថា លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានព្រមានរដ្ឋាភិបាលថៃថា ការអនុញ្ញាតឱ្យសាងសង់កាស៊ីណូ និងរីសតកម្សាន្តដោយស្របច្បាប់របស់ថៃ អាចបណ្តាលឱ្យមានសកម្មភាពឧក្រិដ្ឋកម្មកើនឡើង។ ពាក់ព័ន្ធបញ្ហានេះ នាយករដ្ឋមន្ត្រី បានព្យាយាមពន្យល់លោក ស៊ី ថា គម្រោងអនុញ្ញាតឱ្យសាងសង់កាស៊ីណូនេះ គឺជាគម្រោងរួមបញ្ចូលគ្នាជាមួយសណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងកម្សាន្ត ខណៈដែលកាស៊ីណូនឹងប្រើប្រាស់តិចជាង១០% នៃទំហំអគារនោះ។
គម្រោងការប្រែក្លាយកាស៊ីណូពីមិនស្របច្បាប់ទៅស្របច្បាប់នេះ គឺជាអ្វីដែលគណបក្សភឿថៃ បានប៉ុនប៉ងតាំងពីយូរមកហើយ។ គម្រោងការនេះត្រូវបានរដ្ឋាភិបាលលោកស្រី ផែថងថាន បានអនុម័តកាលពីខែមករា ខណៈមហាជនថៃខ្លះក៏មិនបានគាំទ្រទាំងស្រុងនោះដែរ។
លោកស្រីកត់សម្គាល់ឃើញថា កន្លែងលេងល្បែងស៊ីសងខុសច្បាប់មួយចំនួននៅតែដំណើរការក្នុងប្រទេស ហើយប្រាក់ដែលដំណើរការនៅតាមវង់ល្បែងស៊ីសងទាំងនោះមិនបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ នោះទេ ប៉ុន្តែប្រសិនបើកន្លែងទាំងត្រូវបានដាក់ឱ្យស្របច្បាប់ នោះរដ្ឋនឹងអាចទទួលបានប្រាក់ចំណូលពីល្បែងទាំងនោះ។
ដោយឡែកលោក ហ្រ្វេឌ្រិច ហ្គូស៊ីន (Fredric Gushin) តំណាងក្រុមហ៊ុន Spectrum Gaming Group ដែលបានជួយសិង្ហបុរី កសាងឧស្សាហកម្មកាស៊ីណូឱ្យជាប់ចំណាត់ថ្នាក់លេខ៣របស់ពិភពលោកបន្ទាប់ពីម៉ាកាវ និងឡាសវេហ្គាស បានលើកឡើងថា គោលបំណងរបស់រដ្ឋាភិបាលថៃ ចង់ឱ្យកាស៊ីណូដំណើរការប្រកបដោយតម្លាភាព និងស្របតាមបទប្បញ្ញត្តិ។ លោកបានចាត់ទុកគម្រោងរបស់ថៃ គឺជាកាលានុវត្តភាពមួយសម្រាប់ឧស្សាហកម្មទេសចរណ៍របស់ថៃ ដែលអាចរកចំណូលបានជាង៩ពាន់លានដុល្លារចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិថៃ។
កាលពីឆ្នាំ២០២៤ ថៃទាក់ទាញភ្ញៀវទេសចរបរទេសបានជាង៣៥លាននាក់ កើនឡើងជាង២៦% ជាមួយនឹងប្រាក់ចំណូលប្រមាណ៥៦ពាន់លានដុល្លារ។ នៅក្នុងចំណោមអ្នកទេសចរទាំងនោះ ចិន មានប្រមាណជាង៧លាននាក់ ហើយគេរំពឹងថា នឹងអាចឡើងដល់៩លាននាក់ នៅក្នុងឆ្នាំ២០២៥នេះ៕
ដោយៈ សរ សុជាតិ