សកម្មភាពនេះកើតឡើងបន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានប្រកាសកាលពីសប្តាហ៍មុនថា នឹងលក់អាវុធក្នុងតម្លៃ ១១,១ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់ ជាកញ្ចប់អាវុធដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិកដែលធ្លាប់លក់ទៅឱ្យកោះមួយនេះ ដែលធ្វើឱ្យក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង។ ក្រៅពីនេះ បុគ្គលនៅក្នុងបញ្ជីឈ្មោះរបស់ចិន ដែលរួមទាំងស្ថាបនិកក្រុមហ៊ុនក្នុងវិស័យការពារជាតិ អានឌូរីល អ៊ីនដាស្ទ្រី (Anduril Industries) និងនាយកប្រតិបត្តិជាន់ខ្ពស់ចំនួន ៩នាក់ទៀតមកពីក្រុមហ៊ុនដែលរងដាក់ទណ្ឌកម្ម ក៏ត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសចិនផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន នីកេអ៊ី អាស៊ា របស់ជប៉ុន។
ប៉ុន្ដែ ទង្វើរបស់ចិននេះ ហាក់ដូចគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ដោយសារតែប្រទេសចិនសឹងតែមិនមានទំនាក់ទំនងណាមួយជាមួយក្រុមហ៊ុនក្នុងវិស័យការពារជាតិរបស់អាម៉េរិកឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបាននិយាយថា សហរដ្ឋអាម៉េរិកជំទាស់យ៉ាងខ្លាំងចំពោះទង្វើរបស់ចិន ដែលបង្កកទ្រព្យសម្បត្តិណាមួយដែលក្រុមហ៊ុន និងបុគ្គលជាជនជាតិអាម៉េរិក កំពុងកាន់កាប់នៅក្នុងប្រទេសចិន និងហាមឃាត់ស្ថាប័នក្នុងប្រទេស និងបុគ្គលមិនឱ្យធ្វើអាជីវកម្មជាមួយពួកគេ។
អ្នកនាំពាក្យរូបនោះបានបន្ថែមទៀតថា "យើងជំទាស់យ៉ាងខ្លាំងចំពោះការព្យាយាមរបស់ក្រុងប៉េកាំងក្នុងការសងសឹកក្រុមហ៊ុនអាម៉េរិក ដែលផ្ដល់ការគាំទ្រលើការលក់អាវុធរបស់សហរដ្ឋអាម៉េរិក ដែលជួយបង្កើនសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់" ព្រមទាំងទាមទារឱ្យក្រុងប៉េកាំងបញ្ឈប់ការដាក់សម្ពាធខាងយោធា ការទូត និងសេដ្ឋកិច្ចប្រឆាំងនឹងតៃវ៉ាន់ ហើយងាកមកចរចាយ៉ាងថ្លៃថ្នូរជាមួយក្រុងតៃប៉ិវិញ៕