
កាលពីឆ្នាំ២០២៤ រដ្ឋាភិបាលចិន បានផ្ដល់ឧបត្ថម្ភធនចំនួន២០,៧ពាន់លានដុល្លារអាម៉េរិក ដើម្បីជំរុញកំណើនតម្រូវការប្រើប្រាស់ក្នុងស្រុកតាមរយៈកម្មវិធីយករបស់ចាស់ដូរយករបស់ថ្មី ដើម្បីជំរុញឱ្យពលរដ្ឋទិញផលិតផលមួយចំនួន រួមមានទូរសព្ទស្មាតហ្វូនធុនមធ្យម និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាដើម ដោយទទួលបានការបញ្ចុះតម្លៃពី១៥% ទៅ២០% ហើយសម្រាប់ឆ្នាំ២០២៥ នេះរដ្ឋាភិបាលចិន បានបង្កើនការឧបត្ថម្ភធនទ្វេដងឈានដល់ទំហំ៤១,៥ពាន់លានដុល្លារអាម៉េរិក។
លោក ជេខប់ ឃូក (Jacob Cooke) សហស្ថាបនិក និងជានាយកប្រតិបត្តិទីភ្នាក់ងារទីផ្សារឌីជីថល WPIC Marketing + Technologies បានថ្លែងប្រាប់សារព័ត៌មាន CNBC កាលពីថ្ងៃទី១០ ខែមីនា ថា ការឧបត្ថម្ភធនថ្មីនេះ មានទំហំធំណាស់ ហើយទំនងជាអាចជួយគាំទ្រដល់ការលក់រាយស្រដៀងនឹងឆ្នាំមុន ដែលបានជួយបណ្ដាក្រុមហ៊ុនអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬ E-commerce របស់ចិន បង្កើនការលក់ផលិតផលមួយចំនួន។
មជ្ឈដ្ឋានខ្លះមានមន្ទិលសង្ស័យថា ប្រសិទ្ធភាពនៃការឧបត្ថម្ភធនតែមួយលើកបែបនេះនឹងមិនយូរអង្វែងនោះទេ ប៉ុន្តែសម្រាប់លោក ជេខប់ ឃូក (Jacob Cooke) ជឿជាក់ថា រដ្ឋាភិបាលចិន អាចនឹងដាក់ចេញកម្មវិធីឧបត្ថម្ភធនបន្ថែមទៀត។
លោកបានកត់សម្គាល់ថា គោលដៅកំណើនផលិតផលក្នុងស្រុកសរុបក្នុងរង្វង់៥% របស់ប្រទេសចិន សម្រាប់ឆ្នាំ២០២៥ នេះ និងការផ្តោតជាអាទិភាពលើតម្រូវការប្រើប្រាស់ក្នុងស្រុកបង្ហាញថា រដ្ឋាភិបាលចិននឹងដាក់ចេញវិធានការបន្ថែមទៀត ដើម្បីជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចចិន ដោយមិនចាំបាច់ពឹងផ្អែកខ្លាំងលើការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ។
ស្របពេលរដ្ឋាភិបាលចិន មិនធ្វើតាមសហរដ្ឋអាម៉េរិក ឬប្រទេសផ្សេងៗទៀតដែលចែកលុយ ឬបណ្ណទូទាត់ចំណាយដល់អ្នកប្រើប្រាស់ ដើម្បីជំរុញតម្រូវការប្រើប្រាស់ក្នុងស្រុក ក្រុមអ្នកបង្កើតគោលនយោបាយចិន បានទទួលស្គាល់កាន់តែច្រើនជាងមុនថា ប្រទេសចិន កំពុងរងសម្ពាធអប្បផរណា ហើយរដ្ឋាភិបាលចិន ចាំបាច់ត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់៕
ដោយ: តែម សុខុម