ក្រុមមន្ត្រីមកពីទីភ្នាក់ងារជាច្រើនរួមទាំងក្រសួងលំនៅឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ និងធនាគារកណ្ដាលចិនផង បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ថា ប្រទេសចិនដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក នឹងដាក់បញ្ចូលគម្រោងអភិវឌ្ឍន៍អចលនទ្រព្យបន្ថែមចូលទៅក្នុងបញ្ជីឈ្មោះពិសេស ដែលធនាគារនានា កំពុងប្រើប្រាស់សម្រាប់ជួយដល់ការសម្រេចចិត្តផ្តល់ឥណទានចាប់តាំងពីខែមករា ដើមឆ្នាំ២០២៤។
លោក នី ហុង (Ni Hong) រដ្ឋមន្ត្រីក្រសួងលំនៅឋាន និងអភិវឌ្ឍន៍ទីក្រុងជនបទរបស់ចិន បាននិយាយថា កាលពីថ្ងៃពុធ ទី១៦ ខែតុលា រដ្ឋាភិបាលចិន បានអនុម័តការផ្តល់ហិរញ្ញប្បទានថ្មីចំនួន៣១៣ពាន់លានដុល្លារអាម៉េរិករួចហើយ ហើយរំពឹងថា នឹងអនុម័តយ៉ាងតិច៥៦២ពាន់លានដុល្លារអាម៉េរិកបន្ថែមទៀតនៅត្រឹមដំណាច់ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះ រដ្ឋាភិបាលចិន ក៏នឹងផ្តល់មូលនិធិសម្រាប់ការជួសជុលកែលម្អលំនៅឋានចាស់ៗនៅតាមភូមិចំនួន១លានខ្នងផងដែរ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ជាក់លាក់នោះទេ។
រដ្ឋមន្ត្រីចិនរូបនេះ បានបង្ហាញសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យចិន នឹងចាប់ផ្តើមស្ទុះងើបឡើងវិញ បន្ទាប់ពីការកែសម្រួលរយៈពេល៣ឆ្នាំ ហើយលោករំពឹងថា ទិន្នន័យទីផ្សារលំនៅឋាននៅខែតុលា ឆ្នាំនេះ នឹងមានភាពល្អប្រសើរឡើងវិញ។ សូមបញ្ជាក់ថា សន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃបានហក់ឡើងជាង១%ភ្លាមៗបន្ទាប់ពីសន្និសីទសារព័ត៌មានខាងលើនេះចាប់ផ្តើម៕
ដោយ: តែម សុខុម