ប្រទេសចិន បានពង្រីកផលិតកម្មបន្ទះឈីបរបស់ខ្លួន ចំពេលមានការប្រកួតប្រជែងជាមួយនឹងអាម៉េរិក ដោយផ្ដោតជាដំបូងទៅលើផលិតផលដែលមិនត្រូវការបច្ចេកវិទ្យាទំនើប។ ទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវកាណាដា Tech Insights បានបង្ហាញថា ចិនបានបង្កើនសមត្ថភាពផលិតបន្ទះឈីបពីប្រហែល១៤% ក្នុងឆ្នាំ២០១៤ ឡើងដល់២៣% នៅក្នុងឆ្នាំ២០២៣ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀតដល់២៧% នៅឆ្នាំ២០២៧។
មូលនិធិវិនិយោគឧស្សាហកម្មសៀគ្វីរួមគ្នារបស់ចិន ឬហៅថា Big Fund បានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនការផលិតបន្ទះឈីបនេះ ដោយដំណាក់កាលដំបូង បានចាប់ផ្តើមក្នុងឆ្នាំ២០១៤ ជាមួយនឹងដើមទុនចុះបញ្ជីជាង១៩ពាន់លានដុល្លារ ហើយដំណាក់កាលទីពីរនៅឆ្នាំ២០១៩ ជាមួយនឹងមូលនិធិជាង២៨ពាន់លានដុល្លារ និងដំណាក់កាលជាបន្តបន្ទាប់ទៀត។
បច្ចុប្បន្នឧស្សាហកម្មបន្ទះរបស់ចិន កំពុងរួសរាន់បង្កើនផលិតកម្មបន្ទះឈីបក្នុងស្រុកបន្ថែមទៀត នៅមុនពេលលោក ដូណាល់ ត្រាំ ឡើងកាន់អំណាចនៅដើមឆ្នាំក្រោយ។ ក្រុមហ៊ុនផលិតបន្ទះឈីបសំខាន់ៗជាច្រើនកំពុងបង្កើនការស្តុកទុកបន្ទះឈីបទំនើប ដែលទិញចូលពីប្រទេសកូរ៉េខាងត្បូង និងកន្លែងផ្សេងទៀត ដែលមានសារៈសំខាន់សម្រាប់បញ្ញាសិប្បនិម្មិត។ការនាំចូលបន្ទះឈីបរបស់ចិនបានកើនឡើង១៥%នៅ១០ខែឆ្នាំនេះ ហើយកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកកំណើនពេញមួយឆ្នាំជាវិជ្ជមានជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំគិតត្រឹមឆ្នាំ២០២៤។
លោក វ៉ាង ស៊ីជាំង (Wang Shijiang) មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិនបាននិយាយកាលពីថ្ងៃចន្ទ នៅឯពិព័រណ៍បន្ទះឈីបចិន អន្តរជាតិ ក្នុងទីក្រុងប៉េកាំងថា សមត្ថភាពក្រុមហ៊ុនរបស់ចិន ក្នុងការផ្គត់ផ្គង់បន្ទះឈីបពេលនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ និងកាន់តែមានភាពប្រកួតប្រជែងផងដែរ៕
អត្ថបទ៖ សុខ មង្គល