ចិន-អាម៉េរិក

ចិនជំរុញឱ្យអាម៉េរិកលើកលែងទណ្ឌកម្មខុសច្បាប់ និងបន្ធូរបន្ថយការធ្វើដំណើរទៅអាម៉េរិក


ទីក្រុងប៉េកាំង បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ដកទណ្ឌកម្មខុសច្បាប់ និងបញ្ចប់ការតាមយាយីទៅលើពលរដ្ឋចិន ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក។ នេះគឺជាការក្រើនរំលឹកមួយស្ដីពីបញ្ហាប្រឈមខាងការទូតមួយចំនួន ដែលនៅតែមានរវាងប្រទេសទាំងពីរ បើទោះជាទំនាក់ទំនងទ្វេភាគីបានចាប់ផ្តើមមានភាពកក់ក្ដៅនឹងគ្នាឡើងវិញយ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ចិន-អាម៉េរិក
ដោយ

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងរដ្ឋមន្ត្រីការបរទេសអាម៉េ​រិក លោក អេនថូនី ប្ល៊ីនខិន (Antony Blinken) បានជួបប្រជុំគ្នានៅក្នុងសន្និសីទសន្តិសុខទីក្រុងមូនិក (Munich) ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលជាកិច្ចចរចាចុងក្រោយបង្អស់រវាងមន្ត្រីចិន និងអាម៉េ​រិកទាំងពីរនេះចាប់តាំងពីមេដឹកនាំកំពូលនៃប្រទេសទាំង២បានជួបគ្នាកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន។

ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ បានរាយការណ៍ថា នៅក្នុងជំនួបកាលពីសប្ដាហ៍មុននោះលោក វ៉ាង បានជំរុញឱ្យសហរដ្ឋអាម៉េ​រិក ដកទណ្ឌកម្មឯកតោភាគីខុសច្បាប់របស់អាម៉េ​រិកទៅលើជនជាតិចិន និងអាជីវកម្មរបស់ប្រទេសចិន។

អ្នកការទូតកំពូលរបស់ចិនក៏បានអំពាវនាវដល់រដ្ឋបាលលោក ចូ បៃដិន ប្រធានាធិបតីអាម៉េ​រិកឱ្យបញ្ឈប់តាមយាយី និងសួរចម្លើយដោយគ្មានហេតុផលលើពលរដ្ឋចិន ដែលធ្វើដំណើរទៅសហរដ្ឋអាម៉េ​រិក។ សំណើនេះបានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីនិស្សិតចិនមួយចំនួនត្រូវបានបដិសេធមិនឱ្យចូលក្នុងទឹកដីសហរដ្ឋអាម៉េ​រិកដោយសារបញ្ហាទិដ្ឋាការ។

ចំណែកឯសហរដ្ឋអាម៉េ​រិកវិញ លោក ប្ល៊ីនខិន បានលើកឡើងពីកង្វល់មួយចំនួនពាក់ព័ន្ធនឹងការគាំទ្ររបស់ចិនចំពោះសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន រួមទាំងការគាំទ្រចំពោះមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ីផងដែរ។ រដ្ឋបាលរបស់លោក បៃដិន កំពុងដឹកនាំការផ្តល់មូលនិធិនៅក្រៅប្រទេស ដើម្បីការពារប្រទេសអ៊ុយក្រែនពីការឈ្លានពានរបស់រុស្ស៊ី បើទោះជាកញ្ចប់ជំនួយបន្ថែមនេះកំពុងជាប់គាំងនៅក្នុងសភាក៏ដោយ។

ភាពតានតឹងរវាងចិន និងអាម៉េរិក បានចាប់ផ្តើមធូរស្រាលខ្លះៗបន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរបានជួបប្រជុំគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ នៅអាម៉េ​រិក ដែលនាំទៅដល់ការស្តារឡើងវិញនូវទំនាក់ទំនងយោធា និងយោធាកម្រិតខ្ពស់ និងការចាប់ផ្ដើមដំណើរការក្រុមការងារ ដើម្បីទប់ស្កាត់រំហូរនៃគ្រឿងញៀនហ្វេនតានីលទៅកាន់សហរដ្ឋអាម៉េ​រិក។

ប្រទេសទាំង២ក៏បានសន្យាថានឹងបង្កើនទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីររួមទាំងផែន ការមួយដែលលោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានស្នើឡើងដើម្បីអញ្ជើញយុវជនអាម៉េ​រិក ចំនួន៥ម៉ឺននាក់ឱ្យទៅទស្សនកិច្ចនៅចិន ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនិងការសិក្សាជា​មួយគ្នា៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យការប្រមូលចំណូលគយនៅក្នុងឆ្នាំ២០២៣ មិនគ្រប់តាមផែនការកំណត់?

ព័ត៌មាន
អគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលបានជិត២ពាន់៣រយលានដុល្លារ នៅក្នុងឆ្នាំ២០២៣ ថយចុះជិត១៦% បើធៀបនឹងឆ្នាំ២០២២ ដោយលទ្ធផលនេះសម្រេចបានជាង៨…

តើរដ្ឋាភិបាលចិនអាចសង្រ្គោះវិស័យអចលនទ្រព្យរបស់ខ្លួនបានដែរឫទេ?

ព័ត៌មាន
រដ្ឋាភិបាលចិន នៅពេលនេះកំពុងតែបង្កើននូវយន្តការសង្រ្គោះតាមរយៈបញ្ជី ស ដើម្បីជួយស្តារវិស័យអចលនទ្រព្យដែលកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ