
មេដឹកនាំចិន បានព្យាយាមបង្ហាញពីការប្តេជ្ញាជួយគាំទ្រការវិនិយោគរបស់ក្រុមហ៊ុននានា ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេស ចំពេលភ្លើងសង្គ្រាមពន្ធជាមួយសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ កំពុងឡើងកម្តៅ។ នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថាស្វាគមន៍នាយកប្រតិបត្តិក្រុមហ៊ុនកំពូលៗមកពីគ្រប់ទិសទីរួមទាំងសហរដ្ឋអាម៉េរិក ដូចជា Apple, Qualcomm និង Boeing ជាដើមនាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានប្តេជ្ញាបង្កើនការជួយគាំទ្រផ្នែកគោលនយោបាយ ដើម្បីសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំរបស់រដ្ឋាភិបាលក្នុងរង្វង់៥% ទោះបីជាប្រទេសនេះ ប្រឈមមុខនឹងការកើនឡើងនៃភាពមិនច្បាស់លាស់នៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលកំពុងស្ថិតនៅមាត់ជ្រោះនៃការបែកបាក់ក៏ដោយ។
លោក លី បានប្រាប់មេដឹកនាំធុរកិច្ចបរទេសនៅឯវេទិកាអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ប្រទេសចិន ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យថា ស្របពេលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ រដ្ឋាភិបាលចិននឹងដាក់ចេញគោលនយោបាយថ្មីៗ ដើម្បីធានាឲ្យបាននូវប្រតិបត្តិការប្រកបដោយស្ថិរភាពនៃស្ថានភាពសេដ្ឋកិច្ច។
លោក លី ដែលបានជួបជាមួយលោក ស្ទីវ ដេនណេស (Steve Daines) សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ កាលពីចុងសប្តាហ៍មុន បានចាត់វិធានការចំពោះការកើនឡើងរបាំងពាណិជ្ជកម្ម ដែលដាក់ដោយសហរដ្ឋអាម៉េរិក លើប្រទេសចិន និងប្រទេសដទៃទៀត ដោយលោកអះអាងថា ចិននឹងប្រកាន់ខ្ជាប់នូវគោលការណ៍សាកលភាវូបនីយកម្មសេដ្ឋកិច្ចពហុភាគីនិយម និងទប់ទល់ការការពារនិយម។ ការអះអាងបែបនេះរបស់លោក លី ធ្វើឡើងមុនពេលសម្ពាធពន្ធរបស់លោក ត្រាំ ដាក់លើប្រទេសចិន ចូលជាធរមាននៅថ្ងៃទី២ ខែមេសា។
ដើម្បីកាត់បន្ថយការព្រួយបារម្ភនាយករដ្ឋមន្ត្រីចិន រូបនេះ បានអះអាងថា ច្បាប់ថ្មីនឹងត្រូវបានអនុម័ត ដើម្បីលើកកម្ពស់វិស័យឯកជន ហើយរដ្ឋាភិបាលចិននឹងធ្វើឱ្យប្រសើរឡើងនូវនីតិរដ្ឋ។ អ្នកវិភាគបានចាត់ទុកការផ្ញើសារវិជ្ជមានរបស់មេដឹកនាំចិន បានបង្ហាញពីបំណងចង់បង្កើនទំនុកចិត្តជារួម ដោយសង្ឃឹមថា នឹងជំរុញការប្រើប្រាស់ និងការវិនិយោគ ដើម្បីបន្តជំរុញសន្ទុះកំណើននៃការនាំចេញ។
គួររំលឹកថា ព្រឹត្តិការណ៍នៃការរៀបចំវេទិកាអភិវឌ្ឍន៍ប្រទេសចិន នៅឆ្នាំ២០២៥ នេះ មានការចូលរួមចម្រុះជាតិសាសន៍ទាំងអាម៉េរិក និងប្រទេសដ៏ទៃ ហើយសូម្បីតែលោក ម៉ាសាអាគី ស៊ីរ៉ាការ៉ា ( Masaaki Shirakawa ) អតីតទេសាភិបាលធនាគារកណ្តាលជប៉ុន ក៏ចូលរួមផងដែរ៕
ដោយៈ សរ សុជាតិ