សារព័ត៌មាន The Edge បានរាយការណ៍ថា ការបិទម៉ាស៊ីនរ៉េអាក់ទ័រទី១ នៅរោងចក្រថាមពលនុយក្លេអ៊ែ ម៉ាអានសាន( Maanshan) នៅភាគខាងត្បូងនៃកោះតៃវ៉ាន់ កើតឡើងចំពេលមានការជជែកដេញដោលគ្នាជាបន្តបន្ទាប់ក្នុងចំណោមសមាជិកសភាអំពីថា តើត្រូវពន្យារអាយុជីវិតរបស់រោងចក្រថាមពលនុយក្លេអ៊ែ ដែលមានស្រាប់របស់កោះនេះ ឬយ៉ាងណា ស្របពេលដែលប្រភពថាមពលនុយក្លេអ៊ែបច្ចុប្បន្ននៅកោះនេះមានប្រហែលតែ៥%ប៉ុណ្ណោះនោះ។
ការសម្រេចចិត្តរបស់រដ្ឋាភិបាលកោះតៃវ៉ាន់នេះ ធ្វើឡើងក្រោយពេលដែលទទួលបទពិសោធន៍នៃគ្រោះមហន្តរាយដោយធម្មជាតិ នាឆ្នាំ២០១១ នៅរោងចក្រនុយក្លេអ៊ែ នៅ Fukushima ប្រទេសជប៉ុន។ រដ្ឋាភិបាលរបស់កោះនេះ បាននិយាយថា ខ្លួននឹងមិនច្រានចោលការជំរុញ និងពង្រឹងការរួមចំណែកនៃថាមពលនុយក្លេអ៊ែនោះទេ ប៉ុន្តែតៃវ៉ាន់ចាំបាច់ត្រូវតែយកចិត្តទុកដាក់លើបច្ចេកវិទ្យាដែលមានសុវត្ថិភាព។
បន្ទាប់ពីរ៉េអាក់ទ័រទី១ ត្រូវបិទនៅថ្ងៃសៅរ៍ រ៉េអាក់ទ័រចុងក្រោយរបស់តៃវ៉ាន់ គឺម៉ាអានសានទី២ ត្រូវបានកំណត់ថា នឹងបិទនៅខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីរ៉េអាក់ទ័រទាំងពីរបានប្រើប្រាស់អស់រយៈពេលជាង៤០ឆ្នាំមកហើយនោះ។
លោក ចូ ជុងតៃ (Cho Jung-tai) នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់ បានប្រាប់អ្នកយកព័ត៌មានថ្មីៗនេះថា ប្រសិនបើបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែថ្មីអាចដោះស្រាយបញ្ហាសុវត្ថិភាពនុយក្លេអ៊ែ និងកាកសំណល់នុយក្លេអ៊ែ ហើយត្រូវបានទទួលយកជាអន្តរជាតិ ពិតណាស់ កោះតៃវ៉ាន់នឹងបើកទូលាយក្នុងការពិភាក្សាអំពីបញ្ហានេះ។ លោកបាននិយាយថា រដ្ឋាភិបាលនឹងផ្តោតលើការពង្រីកការប្រើប្រាស់ឧស្ម័នធម្មជាតិ និងកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ហើយក៏កំពុងតែរិះគិតអំពីថាមពលកកើតឡើងវិញ។
កោះតៃវ៉ាន់ រំពឹងថា ថាមពលកកើតឡើងវិញនឹងអាចរួមចំណែកប្រមាណជា១/៤ នៃល្បាយថាមពលរបស់ខ្លួននៅឆ្នាំ២០៣០ ពោលគឺត្រូវបង្កើតឡើងឲ្យបានដល់១២% ស្របពេលដែលការប្រើប្រាស់ថាមពលត្រូវបានព្យាករណ៍ថា នឹងកើនឡើងជាមធ្យម២,៨% ក្នុងមួយឆ្នាំរហូតដល់ឆ្នាំ ២០៣៣ ដែលជំរុញដោយវិស័យ AI៕
ដោយៈ សរ សុជាតិ