វិស័យអចលនទ្រព្យ

តើវិស័យអចលនទ្រព្យរបស់មហាយក្សចិននឹងស្ទុះងើបឡើងវិញ ឬក៏បន្តដាំក្បាលចុះនៅឆ្នាំ២០២៥?


ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកត្រូវបានព្យាករថា នឹងនៅតែបន្តដាំក្បាលចុះក្នុងឆ្នាំ២០២៥ ខាងមុខនេះ គ្រាន់តែធ្លាក់ចុះយឺងជាងឆ្នាំ២០២៤ បើទោះបីជាភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន បានហក់ឡើងថ្លៃបន្តិចវិញកាលពីពេលថ្មីៗនេះយ៉ាងណាក្ដី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
វិស័យអចលនទ្រព្យ
ដោយ

បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសចិន រហូតមកទល់ពេលនេះកំពុងជាប់ផុងក្នុងវិបត្តិដាំក្បាលចុះរ៉ាំរ៉ៃនៅឡើយ ដែលធ្វើឱ្យទំនុកចិត្តរបស់អ្នកទិញលំនៅឋានចុះខ្សោយ តម្លៃលំនៅឋានក៏ធ្លាក់ចុះ និងធ្វើឱ្យគម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើនរាប់មិនអស់ជាប់គាំងកណ្ដាលទី ដែលមិនដឹងជាសាងសង់បង្ហើយជាស្ថាពរនៅពេលណា។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ ព្យាករថា តម្លៃ និងការលក់លំនៅឋានក្នុងប្រទេសចិន នឹងបន្តធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០២៥ គ្រាន់តែការធ្លាក់ចុះមានល្បឿនយឺតជាងឆ្នាំ២០២៤ ប៉ុណ្ណោះ។ នេះជាដំណឹងមិនសូវល្អប៉ុន្មានឡើយសម្រាប់វិស័យអចលនទ្រព្យក្នុងតំបន់ ព្រោះគម្រោងអភិវឌ្ឍន៍ធំៗនៅប្រទេសជាច្រើនក្នុងតំបន់រួមទាំងកម្ពុជាផង ជាគម្រោងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន។

កាលពីពេលថ្មីៗនេះ ភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ចិន បានហក់ឡើងថ្លៃ ប៉ុន្តែអ្នកជំនាញលើកឡើងថា ការហក់ឡើងថ្លៃនេះនឹងមិនយូរអង្វែងឡើយ។ សន្ទស្សន៍តាមដានសកម្មភាពទីផ្សាររបស់សារព័ត៌មានអន្តរជាតិ ​​Bloomberg បានបង្ហាញថា បន្ទាប់ពីបានដាំក្បាលចុះអស់រយៈពេល៤ឆ្នាំ ភាគហ៊ុនអចលនទ្រព្យចិន បានហក់ឡើង២,៥% វិញ សម្រាប់ឆ្នាំ២០២៤ បើគិតត្រឹមថ្ងៃទី២៣ ខែធ្នូ ដោយសារតែរដ្ឋាភិបាលចិន បានដាក់ចេញវិធានការស្ដារសេដ្ឋកិច្ចជាបន្តបន្ទាប់។ ទោះជាយ៉ាងណា ការហក់ឡើងនៃភាគហ៊ុនអចលនទ្រព្យចិន កាលពីអំឡុងខែកញ្ញា ដែលជំរុញដោយវិធានការស្ដារសេដ្ឋកិច្ចរបស់របស់រដ្ឋាភិបាលចិន នោះកំពុងតែថមថយទៅវិញហើយ។

ការហក់ឡើងថ្លៃនៃភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនភិវឌ្ឍន៍ចិន គឺអាស្រ័យលើការស្ទុះងើបឡើងវិញនៃការលក់ប្រកបដោយនិរន្តរភាព ប៉ុន្តែក្រុមអ្នកវិភាគនៅធនាគារវិនិយោគពហុជាតិសាសន៍របស់សហរដ្ឋអាម៉េរិក Morgan Stanley និយាយថា ការស្ទុះងើបឡើងវិញនៃការលក់ប្រកបដោយនិរន្តរភាពទំនងជាមិនកើតឡើងក្នុងពេលឆាប់ៗនេះឡើយ។

អ្នកវិភាគទាំងនោះបានព្យាករថា ការលក់លំនៅឋាននៅចិន នឹងធ្លាក់ចុះ១២% នៅឆ្នាំ២០២៥។ ទន្ទឹមនេះ ទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានអាម៉េរិក Fitch Ratings បានព្យាករថា តម្លៃអចលនទ្រព្យនៅប្រទេសចិន នឹងធ្លាក់ចុះ៥% ហើយការលក់លំនៅឋានថ្មីៗគិតជាផ្ទៃក្រឡាក្នុងប្រទេសនេះនឹងធ្លាក់ចុះ១០%៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សិង្ហបុរី នាំមុខហុងកុង ក្នុងការក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសកម្មឌីជីថលនៅអាស៊ី

សិង្ហបុរី បាននាំមុខកោះហុងកុង ក្នុងការប្រកួតប្រជែងដ៏ស្រួចស្រាវមួយ ដើម្បីក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសកម្មឌីជីថលនៅតំបន់អាស៊ី។ នៅក្នុងឆ្នាំ២០…

តើមានកត្តាអ្វីជំរុញឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនហុងដា ហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ?

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តហុងដារបស់ជប៉ុន កំពុងស្ថិតលើផ្លូវឆ្ពោះទៅរកតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងពេល១៦ឆ្នាំកន្លងមកនេះ បន្ទាប់ពីក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ