ប្រភពច្បាស់ការនៅក្នុងឧស្សាហកម្មដឹកជញ្ជូន បានទម្លាយប្រាប់សារព័ត៌មាន Nikkei Asia ថា ការដឹកជញ្ជូនរថយន្តអគ្គិសនី (EV) យ៉ាងប្រញាប់ប្រញាល់ពីប្រទេសចិន ទៅកាន់ប្រទេសប្រេស៊ីល និងប្រទេសម៉ិកស៊ិក បានចាប់ផ្តើមនៅអំឡុងខែមីនា ឆ្នាំ២០២៤ ហើយវានឹងបន្តរហូតដល់ខែមិថុនា ឆ្នាំដដែលនេះ។ ប្រទេសប្រេស៊ីល បានចាប់ផ្ដើមយកពន្ធឡើងវិញលើរថយន្តអគ្គិសនីនៅឆ្នាំនេះ ក្រោយពីបានលើកលែងពន្ធចាប់តាំងពីឆ្នាំ២០១៥ មក។ រថយន្តប្រើអគ្គិសនីសុទ្ធត្រូវបង់ពន្ធ១០%ចាប់ពីខែមករា ដើមឆ្នាំនេះ ដែលនឹងកើនឡើងដល់១៨%នៅក្នុងខែកក្កដា ឆ្នាំដដែលនេះ និង៣៥% ក្នុងខែកក្កដា ឆ្នាំ២០២៦។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD ក៏កំពុងពន្លឿនការសាងសង់រោងចក្ររបស់ខ្លួននៅក្នុងប្រទេសប្រេស៊ីល ផងដែរ ដើម្បីទាញយកចំណែកទីផ្សារក្នុងស្រុកដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលរួមចំណែកធ្វើឱ្យតម្រូវការដឹកជញ្ជូនកើនឡើងកាលពីពេលថ្មីៗនេះ។ ក្រុមហ៊ុន BYD បាននិយាយថា ខ្លួនក៏គ្រោងសាងសង់រោងចក្រថ្មីមួយនៅក្នុងប្រទេសម៉ិកស៊ិក សម្រាប់ទីផ្សារនៅទីនោះផងដែរ។
ទន្ទឹមនឹងនេះ ប្រទេសម៉ិកស៊ិក កំពុងទទួលរងសម្ពាធពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលស្នើឱ្យខ្លួនដកខ្លួនកុំពាក់ព័ន្ធជាមួយបណ្ដាក្រុមហ៊ុនផលិតរថយន្តចិន។ រដ្ឋបាលដឹកនាំរបស់ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បានលើកឡើងកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះថា ខ្លួនកំពុងពិចារណាដាក់ពិន័យបន្ថែមទៀត ប្រសិនបើក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ណាមួយព្យាយាមផ្លាស់ប្តូរទីតាំងផលិតកម្មទៅកាន់ប្រទេសម៉ិកស៊ិក ដើម្បីគេចពន្ធរបស់សហរដ្ឋអាម៉េរិក ដែលបានប្រកាសថ្មីៗនេះ។
យ៉ាងណាមិញ រដ្ឋាភិបាលម៉ិកស៊ិក បានលើកឡើងកាលពីពេលថ្មីៗថា ខ្លួនមិនបានដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិន នោះទេ ប៉ុន្តែរដ្ឋាភិបាលនេះបានឈប់ផ្តល់គ្រឿងលើកទឹកចិត្តនានា ដូចជាការផ្ដល់ដីសាធារណៈ ក្នុងតម្លៃទាប ឬការបញ្ចុះពន្ធសម្រាប់ការផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសនេះជាដើម៕
ដោយ: តែម សុខុម