សារព័ត៌មានធំៗបានរាយការណ៍ថា ក្រោយពេលដែលមានវិវាទពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន និងគោលនយោបាយរឹតបន្តឹងលំហូរបច្ចេកវិទ្យាពីលោកខាងលិចទៅកាន់ប្រទេសចិន វៀតណាមបានបង្ហាញនូវមហិច្ឆតាខ្ពស់ក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលផលិតកម្មមួយនៃឧស្សាហកម្មបន្ទះឈីបជំនួសចិន ប៉ុន្តែមហិច្ឆតានេះកំពុងជួបបញ្ហាប្រឈម ដោយសារតែការប្រកួតប្រជែងពីប្រទេសដ៏ទៃ នៅក្នុងនោះក៏មានប្រទេសម៉ាឡេស៊ីផងដែរ។
ពាក់ព័ន្ធនឹងស្ថានភាពនេះ សារព័ត៌មាន Nikkei បានរាយការណ៍ថា ប្រទេសវៀតណាម បានសន្យាជាច្រើនពាក់ព័ន្ធនឹងការកាត់បន្ថយពន្ធ និងលើកកម្ពស់អត្ថប្រយោជន៍ផ្សេងទៀតដល់ក្រុមហ៊ុនផលិតកម្មបន្ទះឈីបនានា ដើម្បីជួយអភិវឌ្ឍន៍វិស័យផលិតកម្មនេះនៅក្នុងប្រទេស ប៉ុន្តែមហិច្ឆតាកំពុងតែជួបបញ្ហាប្រឈម។
លោក ហាន ថាញ់ ដេត ( Huynh Thanh Dat) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបាននិយាយនៅក្នុងបទសម្ភាសមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ផែនការជាតិរបស់ទីក្រុងហាណូយសម្រាប់ឧស្សាហកម្មបន្ទះឈីបមានអត្រាមូលដ្ឋាននីយកម្មទាប រីឯសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ហាក់មិនឆ្លើយតបនឹងគោលបំណង ស្របពេលដែលធនធានមនុស្សដែលមានគុណភាពខ្ពស់ក្នុងឧស្សាហកម្មនេះនៅមានកម្រិតនៅឡើយ។
ការចេញមកអះអាងបែបនេះ គឺបន្ទាប់ពីវៀតណាម បានរបូតដៃពីគម្រោងរបស់ក្រុមហ៊ុនធំៗពីរ គឺក្រុមហ៊ុន Intel និងក្រុមហ៊ុន AT&S ដែលមានមូលដ្ឋាននៅប្រទេសអូទ្រីស បានសម្រេចចិត្តចាប់ដៃជាមួយនឹងប្រទេសម៉ាឡេស៊ី នៅលើគម្រោងវិនិយោគបន្ទះឈីបនេះ។
ជុំវិញឧស្សាហកម្មបន្ទះឈីបនេះ លោក ចូស ហ្វេណាដេ (Jose Fernandez) អ្នកជំនាញការជាន់ខ្ពស់នៅក្នុងរដ្ឋការសហរដ្ឋអាម៉េរិក ទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច និងថាមពល បាននិយាយថា តាមពិតវៀតណាម មានសក្តានុពលលើឧស្សាហកម្មបន្ទះឈីបនេះ ហើយវៀតណាម ក៏បានទាក់ទាញក្រុមហ៊ុនមួយចំនួនរបស់អាម៉េរិកដែរ។ លោកបានបន្តទៀតថា ក្រុមហ៊ុនអាម៉េរិកបន្ថែមទៀតអាចនឹងចាប់អារម្មណ៍នឹងវៀតណាម ប្រសិនបើវៀតណាមអាចចាត់វិធានការដោះស្រាយបញ្ហាប្រឈមនានាបាន ដោយរួមទាំងបញ្ហាថាមពលស្អាត។
ទោះបីជាវិស័យឧស្សាហកម្មបន្ទះឈីបស្ថិតនៅក្នុងស្ថានភាពប្រកួតប្រជែងខ្លាំង ប៉ុន្តែវៀតណាមមិនទម្លាក់ដៃឡើយ ដោយថ្មីៗនេះវៀតណាមកំពុងតែរៀបចំគោលនយោបាយមួយចំនួន ទៀតដោយរួមទាំងគោលបំណងបណ្តុះបណ្តាលវិស្វករជំនាញចំនួន៥ម៉ឹននាក់ សម្រាប់ឧស្សាហកម្មនេះឲ្យបានមុនឆ្នាំ២០៣០ផងដែរ៕
ដោយៈ សរ សុជាតិ