យ៉ាងណាមិញ អ្នកជំនាញ ស្នើឱ្យពលរដ្ឋបន្តជឿជាក់លើរាជរដ្ឋាភិបាល និងយកការឈឺចាប់មកធ្វើជាកម្លាំងរួបរួមជាតិ ដ៏រឹងមាំក្នុងស្មារតីឈាមខ្មែរតែមួយ ដើម្បីទប់ទល់ និងការពារទឹកដីពីការឈ្លានពានរបស់យោធាថៃ។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ កត់សម្គាល់ឃើញថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ សង្រ្គាមឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា កាន់តែសាហាវព្រៃផ្សៃ តាមរយៈការប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកចូលកាន់តែជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា ជាពិសេសទីតាំងជនស៊ីវិលរស់នៅតែម្តង។
សម្រាប់អ្នកជំនាញរូបនេះ ក្នុងកាលៈទេសៈដ៏លំបាកនេះ ការរួបរួមគ្នាជាធ្លុងមួយក្នុងស្មារតីឈាមខ្មែរតែមួយរបស់ប្រជាពលរដ្ឋគ្រប់ពណ៌សម្បុរ សាសនា និងនយោបាយ ជាមួយរាជរដ្ឋាភិបាល គឺជាអាវុធដ៏សំខាន់ក្នុងការទប់ទល់ជាមួយសត្រូវឈ្លានពានថៃ ដូច្នេះហើយលោកស្នើឱ្យប្រជាពលទាំងអស់ត្រូវបន្តជឿជាក់លើរាជរដ្ឋាភិបាល និងវីរៈកងទ័ពកម្ពុជា និងកុំបែកបាក់សាមគ្គីនិងឯកភាពជាតិ ឱ្យសោះ។
ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម កត់សម្គាល់ឃើញថា កម្លាំងសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរនៅជួរក្រោយនាពេលនេះ ពិតជាបានរួមចំណែកយ៉ាងខ្លាំង ដើម្បីជួយរំលែកទុក្ខលំបាករបស់បងប្អូនភៀសសឹក និងគាំទ្រដល់វីរៈកងទ័ពជួរមុខ។
ជាការវាយតម្លៃរបស់អ្នកជំនាញរូបនេះ ការយាយីឈ្លានពានកាន់តែខ្លាំងឡើងរបស់យោធាថៃ តាមរយៈការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងមកលើភូមិឋានប្រជាពលរដ្ឋ វាគ្រាន់តែជាយុទ្ធសាស្រ្តដើម្បីបំបាក់ស្មារតី និងបំបែកកម្លាំងសាមគ្គីរបស់ពលរដ្ឋ និងបំបាក់សេដ្ឋកិច្ចកម្ពុជាតែប៉ុណ្ណោះ ដូច្នេះទាមទារឱ្យពលរដ្ឋកម្ពុជា គ្រប់និន្នាការទាំងអស់ រួមទាំងអ្នកនយោបាយត្រូវគិតរឿងជាធំ ដើម្បីរួបរួមគ្នាជាមួយរាជរដ្ឋាភិបាលតស៊ូប្រឆាំងនឹងការឈ្លានពានរបស់សត្រូវឈ្លានពានថៃ៕