
នាសន្និបាតបូកសរុបលទ្ធផលការងារអាកាសចរណ៍ស៊ីវិល ឆ្នាំ២០២៤ និងលើកទិសដៅបន្តអនុវត្តសម្រាប់ឆ្នាំ២០២៥ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដាក់គោលដៅជំរុញការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសឱ្យបាន៧,៥លាននាក់ និងទំនិញចំនួន៨ម៉ឺនតោន នៅឆ្នាំនេះ។
ទន្ទឹមនឹងការដាក់គោលដៅនេះ ឯកឧត្តម ប្តេជ្ញាបន្តខិតខំស្វែងរកប្រភពទុនវិនិយោគអាចជារូបភាពដៃគូរដ្ឋ និងឯកជន ដើម្បីសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគិរី និងបាត់ដំបង។ លើសពីនេះ នឹងបន្តជួយជំរុញ និងសម្រួលនីតិវិធី ដើម្បីគាំទ្រដល់ការរៀបចំជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ពីទីក្រុងអ៊ីស្តង់ប៊ុល មកកាន់រាជធានីភ្នំពេញ, ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញ និងក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ពីទីក្រុងឌូបៃ មកកាន់ខេត្តសៀមរាប។
យ៉ាងណាមិញ ឯកឧត្តម ក៏បានប្តេជ្ញាបន្តជួយជំរុញការចរចា កែសម្រួល និងចុះហត្ថលេខាកិច្ចព្រមព្រៀង ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាទ្វេភាគី ជាមួយប្រទេសហ្វីលីពីន ជប៉ុន ឥណ្ឌូណេស៊ី ចក្រភពអង់គ្លេស និងប៉ាគីស្ថាន ព្រមទាំងពហុភាគីអាស៊ានរវាងអាស៊ាន និងនូវែលសេឡង់, ជួយសម្របសម្រួល និងខិតខំផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋានឱ្យទាន់ពេលវេលា និងរៀបចំផ្ទេរជើងហោះហើរទាំងអស់ពីអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលគ្រោងនឹងបើកដំណើរការនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខ និងបន្តជំរុញឱ្យមានការហោះហើរជាតិ និងអន្តរជាតិ ជាលក្ខណៈជួលកាន់តែច្រើនឡើងថែមទៀតទៅកាន់អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ។
ជាមួយគ្នានេះថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអាកាសចរណ៍ស៊ីវិល ឆ្នាំ២០២៥-២០៣០ ចាប់ពីថ្ងៃទី១ ខែមីនា តទៅ សំដៅកំណត់ចក្ខុវិស័យឱ្យបានច្បាស់លាស់លើការបន្តអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ប្រកបដោយភាពធន់ និងចីរភាព ដែលអាចធានាបានសន្តិសុខ សុវត្ថិភាព ប្រសិទ្ធភាព និងបរិស្ថាន។
គួរជម្រាបថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសសម្រេចបាន៦,២លាននាក់ កើនឡើងប្រមាណ២២% និងការដឹកទំនិញសម្រេចបានជាង៧ម៉ឺន៧ពាន់តោន កើនឡើងប្រមាណ៤០% បើធៀបនឹងឆ្នាំ២០២៣។ តែយ៉ាងណា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសរបស់កម្ពុជានៅឆ្នាំ២០២៤ សម្រេចបានប្រមាណ៥៧% នៃការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនៅឆ្នាំ២០១៩ មុនពេលមានវិបត្តិជំងឺកូវីដ-១៩ ប៉ុណ្ណោះ៕