ថ្លែងនៅខាងក្រៅវេទិកាធុរកិច្ចសាធារណៈ និងឯកជន ស្ដីពី កិច្ចសហប្រតិបត្តិការឧស្សាហកម្មយានយន្តរវាងជប៉ុន និងថៃក្នុងរាជធានីបាងកក ប្រទេសថៃ កាលពីថ្ងៃពុធសប្ដាហ៍មុន លោក តាណាកា កាហ្ស៊ូហ្ស៊ីហ្គេ (Tanaka Kazushige) អគ្គនាយកនៃការិយាល័យគោលនយោបាយពាណិជ្ជកម្មរបស់ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុន (METI) បាននិយាយថា ជប៉ុន និងថៃ បានរក្សាភាពជាដៃគូដ៏រឹងមាំរយៈពេលជាង៦០ឆ្នាំមកហើយ ដោយបានជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដែលបានបង្កើតឱកាសការងារសំខាន់ៗតាមរយៈការចែករំលែកបច្ចេកវិទ្យា និងជំនាញ។
នៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០២២ ការវិនិយោគសរុបរបស់ជប៉ុន នៅប្រទេសថៃ បានឈានដល់ប្រមាណជាង៣៤ពាន់លានដុល្លារ ហើយគិតត្រឹមខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនជប៉ុនជិត៦ពាន់កំពុងធ្វើប្រតិបត្តិការនៅប្រទេសនេះ ដោយក្នុងនោះជាង២ពាន់ក្រុមហ៊ុនបានចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រថយន្ត ដោយបានផ្តល់ការងារដល់កម្មករជំនាញជាង៧ម៉ឺននាក់។
លោក តាណាកា បាននិយាយថា ឥឡូវនេះប្រទេសថៃ គឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយរបស់ពិភពលោកសម្រាប់ការផលិត និងការនាំចេញយានយន្ត ដែលផ្តល់អត្ថប្រយោជន៍ទាំងសេដ្ឋកិច្ចថៃ និងប្រជាជនថៃ ក៏ដូចជាប្រទេសជប៉ុនផងដែរ ហើយជោគជ័យនេះត្រូវបានសន្មតថា បានមកពីកិច្ចខិតខំរួមគ្នារវាងអ្នកពាក់ព័ន្ធរួមទាំងរដ្ឋាភិបាលថៃ អ្នកផ្គត់ផ្គង់ និងរដ្ឋាភិបាលជប៉ុន ដោយពួកគេបានធ្វើការដោយគ្មាននឿយហត់ ដើម្បីសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់នេះ ហើយនឹងបន្តជំរុញភាពជាដៃគូនេះថែមទៀត។
លោក តាណាកា បានសង្កត់ធ្ងន់ថា ទាំងការផលិត និងផលិតផលនៅប្រទេសថៃ គឺមានសារសំខាន់ដូចគ្នា។ នេះមានន័យថា អ្នកផ្គត់ផ្គង់នៅប្រទេសថៃ ត្រូវតែមានការប្រកួតប្រជែង ដោយសារតែឧស្សាហកម្មយានយន្តជប៉ុនពឹងផ្អែកខ្លាំងលើអ្នកផ្គត់ផ្គង់ក្នុងស្រុក។ ជាក់ស្ដែង រថយន្តភីកអាប់ដ៏ពេញនិយមដែលនាំចេញទៅប្រទេសអូស្ត្រាលី និងទីផ្សារផ្សេងទៀតមាន៩០% ផ្សំឡើងដោយគ្រឿងបន្លាស់មកពីប្រទេសថៃ។ ការប្រកួតប្រជែងរបស់អ្នកផ្គត់ផ្គង់ថៃនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ សុខ មង្គល