លោក វីលលី វ៉ាលស៍ (Willie Walsh) អគ្គនាយកនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ឬ IATA បាននិយាយថា តាមការយល់ឃើញរបស់លោក នាពេលអនាគត ក្រុមហ៊ុន Comac នឹងក្លាយជាគូប្រជែងសកល តែវាត្រូវការពេលវេលាបន្តិច ពោលគឺ ប្រហែលជា ១០ ទៅ១៥ឆ្នាំទៀត ក្រុមហ៊ុននេះ នឹងមានឈ្មោះបោះសម្លេងនៅក្នុងចំណោមក្រុមហ៊ុនយន្ដហោះពិភពលោក ដូចជា Boeing និងAirbus។
ចាប់តាំងពីយន្តហោះដឹកអ្នកដំណើរ C919 របស់ក្រុមហ៊ុន Comac បានហោះហើរទៅកាន់ប្រទេសសិង្ហបុរី ក្នុងជើងហោះហើរទៅក្រៅទឹកដីចិន លើកដំបូង កាលពី ២ឆ្នាំមុន និងបានធ្វើហោះហើរចុះចតនៅអាកាសយានដ្ឋានជាច្រើនទៀតនៅក្នុងប្រទេសនៃតំបន់អាស៊ី បានធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍កាន់តែខ្លាំង នៃសមត្ថភាពរបស់យន្ដហោះនេះ។
យន្តហោះ Comac ជាង ១៥០គ្រឿងកំពុងដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសចិន ហើយយន្តហោះរបស់ក្រុមហ៊ុននេះ ក៏កំពុងប្រតិបត្តិការដឹកអ្នកដំណើរទៅកាន់ប្រទេសឡាវ ឥណ្ឌូនេស៊ី និងវៀតណាមផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ ហ្គាឡុបអ៊ែរ (GallopAir) របស់ប្រ៊ុយណេ បានធ្វើការបញ្ជាទិញយន្តហោះ Comac យ៉ាងច្រើន ខណៈប្រទេសកម្ពុជាវិញ មានគម្រោងទិញយន្តហោះនេះប្រហែល ២០គ្រឿង។
ក្រៅពីនេះ ក្រុមហ៊ុន Comac ក៏កំពុងស្វែងរកវិញ្ញាបនបត្រអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យយន្ដហោះរបស់ខ្លួនអាចហោះហើរទៅកាន់អាកាសយានដ្ឋាននានានៅទូទាំងតំបន់នេះផងដែរ។ ប៉ុន្ដែ បើតាមនិយ័តករអឺរ៉ុប ផ្ដល់ជូនវិញ្ញាបនបត្រនេះ អាចនឹងត្រូវរង់ចាំដល់ឆ្នាំ ២០២៨ ឬដល់ឆ្នាំ ២០៣១ឯណោះ៕