
មានព្រះរាជបន្ទូលក្នុងកម្មវិធី រុក្ខទិវា ៩កក្កដា លើកទី២៩ នៅខេត្តតាកែវ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកការយកចិត្តទុកដាក់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃ គឺជាកិច្ចការងារដ៏សំខាន់ក្នុងការជួយធានានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។


ព្រះករុណា បានទុក«រុក្ខទិវា»ជាវប្បធម៌ដ៏ប្រសើរដែលព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សនរួម គឺការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯងទាំងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងសុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ។


ជាមួយគ្នានេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឧទ្ទិសកម្មវិធី«រុក្ខទិវា»នេះឱ្យស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិឱ្យបានគង់វង្សរហូតតទៅ។ ព្រះបរមនាថបានចាត់ទុកការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់សម្រាប់ប្រទេសជាតិ ដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដី។


ព្រះករុណាមានព្រះរាជបន្ទូលថា នេះគឺជាលើកទី៤ នៃការប្រារព្វពិធីរុក្ខទិវាដល់ព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គបានចូលរួមក្នុងពិធី«រុក្ខទិវា»នៅខេត្តតាកែវ ដែលជាទឹកដីដើមកំណើតនៃអរិយធម៌ខ្មែរសម័យនគរភ្នំ និងចេនឡា។ កាលពី ឆ្នាំ១៩៩៣ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏ធ្លាប់បានសព្វព្រះរាជហប្ញទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីរុក្ខទិវានៅខេត្តតាកែវនេះផងដែរ។


គួររំលឹកថា ព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានផ្តួចផ្តើមរៀបចំពិធីរុក្ខទិវា និងសព្វព្រះរាជហប្ញទ័យយាងជាព្រះរាជាធិបតីក្នុងពិធីនេះជារៀងរាល់ឆ្នាំនៅតាមបណ្តាខេត្តនានាចាប់តាំងពីសម័យសង្គមរាស្ត្រនិយមមក ដើម្បីបំផុស និងលើកទឹកចិត្តឱ្យកូនចៅជាទីស្រឡាញ់របស់ព្រះអង្គចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើមឈើនៅទូទាំងប្រទេស។


ទន្ទឹមនឹងនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិនានា ដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារធនធានព្រៃឈើ-សត្វព្រៃ និងអំពាវនាវឱ្យបន្តសកម្មភាពនេះ ដើម្បីជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល៕