អត្ថបទពាណិជ្ជកម្ម

សិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្តីពីការវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ និងការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងចំនួន៤


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្តីពីការវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ និងការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងចំនួន៤ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសាធារណការ និងដឹកជញ្ចូន និងក្រសួងការងារ និងបណ្តុះណ្តាលវិជ្ជាជីវៈ។
សិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្តីពីការវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ និងការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងចំនួន៤
ដោយ

ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្តីពីការវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ (Public Expenditure and Financial Accountability; PEFA) និងការវាយតម្លៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងចំនួន៤ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម,ក្រសួងសាធារណការ និងដឹកជញ្ចូន និងក្រសួងការងារ និងបណ្តុះណ្តាលវិជ្ជាជីវៈ។ សិក្ខាសាលានេះ មានការចូលរួមផងដែរពីតំណាងនៃក្រសួង-ស្ថាប័ន, តំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ រួមទាំងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង ២៥ សរុបប្រមាណ១៨០រូប។

ការវាយតម្លៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្នាក់ជាតិ និងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងទាំង៤ ស្របតាមការចង្អុលបង្ហាញរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានគោលបំណងគន្លឹះៗ ដូចតទៅ៖

ទី១-ដើម្បីកំណត់បាននូវភាពខ្លាំងនិងភាពខ្សោយជារួមនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជាធៀបនឹងក្របខ័ណ្ឌ ដែលជាឧត្តមានុវត្តន៍អន្តរជាតិ ។ ការកំណត់បាននូវភាពខ្លាំងនិងភាពខ្សោយ នឹងផ្តល់កាលានុវត្តភាពដល់គណៈកម្មាធិ-ការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតម្រង់ទិស និងដាក់ចេញនូវវិធានការកែលម្អចាំបាច់នានា ជាបន្តទៀត នៅក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈជារួម និង

ទី២-ដើម្បីពង្រឹងភាពជាម្ចាស់និងសមត្ថភាពរបស់ក្រសួង -ស្ថាប័ន ដែល ជា ស្ថាប័នអនុវត្ត ថវិកា អាចពង្រឹងសមត្ថភាពជាបណ្តើរៗលើយន្តការវាយតម្លៃ និងអាចកំណត់បាននូវ៖ (១). ស្ថានភាព នៃ ប្រព័ន្ធ គ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ របស់ ក្រសួង ស្ថាប័នសាមី; និង (២). លំដាប់ អាទិភាព និង ភាព ប្រ ទាក់ ក្រឡាគ្នា នៃ ការកែទម្រង់ ការ គ្រប់ គ្រង ហិរញ្ញ វត្ថុ សាធារណៈ ក្នុងគោលបំណងដាក់ទិសដៅឱ្យបានជាក់លាក់នៅក្នុងផែនការសកម្មភាពកែទម្រង់ ផ្សារភ្ជាប់ជាមួយនឹង ក្របខ័ណ្ឌនៃ ផែនការ សកម្មភាព រួមដំណាក់កាលទី ៤ (CAP-4) ក៏ដូចជា ទិសដៅជាក់សែ្តងនៃការកសាងប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម នៅតាមក្រសួង ស្ថាប័ន។

ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. គូសបញ្ជាក់ថា ស មិទ្ធផលនៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ រយៈពេល ២ ទស្សវត្សកន្លងមកនេះ គឺបានផ្តល់នូវភាព ប្រសើរឡើងយ៉ាងច្រើននៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានអនុវត្តតាមអភិក្រម “ខឿន” ដែលខឿននីមួយៗធ្វើឱ្យកែប្រែប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។ អភិក្រម នេះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការសម្របសម្រួល និងផ្តល់អាទិភាពការងារកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ។ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ត្រូវបានបែងចែកជាខឿនចំនួន៤ ក្នុងនោះ ខឿនទី១ “ភាពជឿ ទុក ចិត្ត នៃថវិកា” ខឿនទី២ “គណនេយ្យភាពហិរញ្ញវត្ថុ” ខឿនទី៣ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” និងខឿន ទី៤ “គណនេយ្យភាពសមិទ្ធកម្ម”។

ឯកឧត្ដមបណ្ឌិត យ៉េត វីណែល បានគូសបញ្ជាក់បន្ថែមថា សេចក្តីព្រាងលទ្ធផលវាយតម្លៃ PEFA ថ្នាក់ជាតិនេះបង្ហាញថា សូចនាករចំនួន ៧ ក្នុង៣១ សូចនាករសមិទ្ធកម្ម ទទួលបានពិន្ទុ “A ឬ B” ដែលបង្ហាញអំពីការអនុវត្តដែលជាឧត្តមានុវត្តន៍អន្តរជាតិ, សូចនាករ ១៤ ទទួលបានពិន្ទុ “C ឬ C+” ដែលបង្ហាញកម្រិតមូលដ្ឋាន ស្របតាមស្តង់ដា អន្តរជាតិ, និងសូចនាករចំនួន ៨ផ្សេងទៀត ទទួលបានពិន្ទុ “D ឬ D+” ដែលគូសរំលេចអំពីអាទិភាពកែទម្រង់ជាបន្ត។ ក្នុងន័យនេះ, ប្រសិនបើប្រៀបធៀបលទ្ធផលវាយតម្លៃរវាងឆ្នាំ ២០២១ ជាមួយនឹងឆ្នាំ២០២៥ មានសូចនាករសរុបចំនួន៧ បានកើនឡើងពិន្ទុ ហើយការណ៍នេះបានឆ្លុះបញ្ចាំងលើលទ្ធផលចុងក្រោយនៃការគ្រប់ គ្រង ហិរញ្ញវត្ថុសាធារណៈទាំងបីទិដ្ឋភាព ដូចតទៅ៖

▪ វិន័យហិរញ្ញវត្ថុសាធារណៈ គឺនៅតែមានភាពជឿទុកចិត្តនៃថវិកា ដែលនៅក្នុងបំណុលសាធារណៈមានស្ថិរភាពនិងអាចគ្រប់គ្រងបានបើទោះបីជាមានសម្ពាធថវិកា ហើយក៏មានភាពប្រសើរឡើងនៃការកាត់ បន្ថយនីតិវិធី អនុវត្ត ថវិកា ផងដែរ។

▪ យុទ្ធសាស្រ្តវិភាជន៍ធនធាន មានភាពប្រសើរឡើង តាមរយៈការដាក់ឱ្យអនុវត្តក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម និងក្របខ័ណ្ឌថវិការយៈពេលមធ្យម ដែលកំណត់ពិដានថវិកាតាមវិស័យ និងក្រសួង ស្ថាប័ន។

▪ ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ មានភាពប្រសើរឡើង ពោលគឺមានកែលម្អគួរឱ្យកត់សម្គាល់ទៅលើព័ត៌មានអំពីធនធានដែលទទួលបានដោយសាលារៀន មណ្ឌលសុខភាព និងមន្ទីរពេទ្យ និងការចូលប្រើប្រាស់ព័ត៌មានជាសាធារណៈ ដែលឆ្លុះបញ្ចាំងពីលទ្ធភាពទទួលបានព័ត៌មានហិរញ្ញវត្ថុសាធារណៈ កាន់តែប្រសើរឡើង។

ជារួម, គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺនៅតែប្តេជ្ញាយ៉ាងមុតមាំដើម្បីជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ ក្នុងការកសាងនូវភាពជឿទុកចិត្តថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ, ការភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យ-ភាព និងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និង សមធម៌សង្គម។




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ តែងតាំងលោក រី វណ្ណា ជាប្រធាននាយកប្រតិបត្តិថ្មី

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ធនាគារ ខេប៊ី ប្រាសាក់ ម.ក មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងលោក រី វណ្ណា ជាប្រធាននាយកប្រតិបត្តិ…

មហាសេដ្ឋីល្បីម្នាក់នៅកម្ពុជា កំពុងសិក្សាបង្កើតសួនកសិ-ឧស្សាហកម្មទំហំ៣០០ហិកតានៅខេត្តកំពង់ធំ

មហាសេដ្ឋីល្បីម្នាក់នៅកម្ពុជា កំពុងសិក្សាបង្កើតសួនកសិ-ឧស្សាហកម្មទំហំ៣០០ហិកតានៅខេត្តកំពង់ធំ។ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៊ីហ្សិត របស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ