អត្ថបទពាណិជ្ជកម្ម

សមាគមឧកញ៉ាកម្ពុជា នឹងតភ្ជាប់ទំនាក់ទំនងជាមួយតំណាងស្ថានទូតប៉ាគីស្ថាននៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ


នៅក្នុងជំនួបជាមួយនឹងថ្នាក់ដឹកនាំនៃសមាគមឧកញ៉ាកម្ពុជា ប្រធានព្រឹទ្ធសភា នៃរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានស្នើឱ្យសមាគមឧកញ៉ាកម្ពុជា តភ្ជាប់ទំនាក់ទំនងជាមួយនឹងតំណាងស្ថានទូតប៉ាគីស្ថាននៅកម្ពុជា ដើម្បីសាងស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នាឱ្យកាន់តែរឹងមាំ ដើម្បីលើកកម្ពស់ការការធ្វើពាណិជកម្ម និងវិនិយោគ។
សមាគមឧកញ៉ាកម្ពុជា នឹងតភ្ជាប់ទំនាក់ទំនងជាមួយតំណាងស្ថានទូតប៉ាគីស្ថាននៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ
ដោយ

អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគម នាថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន ៧រូបទៀត ចូលរួមក្នុងជំនួបអាហារថ្ងៃត្រង់ដើម្បីពិភាក្សាការងារជាមួយលោក Syed Yusuf Raza Gillani ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានក្នុងអំឡុងពេល ដែលលោកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងឱកាសនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំកម្ពុជាផងដែរ។

ជំនួបដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងធុរកិច្ចពាណិជ្ជកម្មរវាងប៉ាគីស្ថាន និងកម្ពុជា ខណៈដែលសមាគមឧកញ៉ាកម្ពុជា គឺជាបណ្តុំនៃធុរជនដ៏មានសក្តានុពល និងកំពុងវិនិយោគលើពហុវិស័យនៅទូទាំងប្រទេស។

ជាមួយគ្នានេះ លោក Syed Yusuf Raza Gillani បានមានប្រសាសន៍ ថ្លែងអំណរគុណ និងកោតសរសើរដល់សមាគមឧកញ៉ាកម្ពុជា ដែលជាសមាគមដ៏មានសក្តានុពល និងមានសមាជិកសុទ្ធសឹងជាធុរជនដ៏លេចធ្លោ និងមានភាពស័ក្តិសមក្នុងការផ្គូផ្គងធុរកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បន្ថែមពីលើនេះ លោកបានស្នើឱ្យមានការភ្ជាប់ទំនាក់ទំនងគ្នាចាប់ពីពេលនេះតទៅរវាងសមាគម ជាមួយនឹងតំណាងស្ថានទូតប៉ាគីស្ថាននៅកម្ពុជា ដើម្បីជាស្ពានផ្សាភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកឱ្យកាន់តែរឹងមាំ ជាពិសេសលោកក៏បានអញ្ជើញគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ដោយលោកនឹងជួយសម្របសម្រួលលើការបង្កើតកិច្ចសហប្រតិបត្តិការធុរកិច្ចលើវិស័យនីមួយៗរវាងភាគីទាំងពីរ។

ទន្ទឹមនឹងនេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក៏បានជម្រាបជូនប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នូវវិស័យដ៏មានសក្តានុពលនៅកម្ពុជារួមមាន កសិកម្ម, កសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, វាយនភណ្ឌ, កង់ និងការនាំចេញគ្រឿងបង្គុំអេឡិចត្រូនិចជាដើម។ តំណាងសមាគមក៏បានស្នើឱ្យមានការចុះអនុស្សរណៈ នៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការរវាងសមាគមឧកញ៉ាកម្ពុជា និងស្ថានទូតប៉ាគីស្ថានប្រចាំនៅកម្ពុជា ព្រមទាំងដំណើរទស្សនកិច្ចរបស់ធុរជនប៉ាគីស្ថានផងដែរដើម្បីសិក្សាស្វែងយល់អំពីបរិយាកាសវិនិយោគ និងកាលានុវត្តភាពពាណិជ្ជកម្មនៅកម្ពុជា ខណៈដែលសមាគមក៏នឹងរៀបចំគណៈប្រតិភូ ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថានក្នុងពេលសមស្របណាមួយខាងមុខនេះ។

ជំនួបនេះបានទទួលផ្លែផ្កាជាវិជ្ជមានដោយភាគីទាំងពីរបានឯកភាពក្នុងការបង្កើតនូវយន្តការទំនាក់ទំនងគ្នាជាប់ជាប្រចាំដើម្បីផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមក៕




អត្ថបទបន្ទាប់


អាជ្ញាធរវៀតណាមនឹងរឹតបន្តឹងការត្រួតពិនិត្យគុណភាពដំឡូងមីនាំចូលពីកម្ពុជា ចាប់ពីក្រោយបុណ្យចូលឆ្នាំចិន

អាជ្ញាធរវៀតណាម បានសម្រេចបន្ធូរបន្ថយការរឹតត្បិតលើការនាំចេញដំឡូងមីរបស់កម្ពុជា ជាបណ្តោះអាសន្ន ហើយនឹងចាប់ផ្តើមអនុវត្តវិធានការភូតគាមអនាម័យយ…

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានអបអរខួប៥ឆ្នាំនៃកិច្ចសហការ និងចុះកិច្ចព្រមព្រៀងបន្តភាពជាដៃគូ ដើម្បីបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានអបអរសាទរខួប៥ឆ្នាំនៃភាពជាដៃគូ និងបានចុះកិច្ចព្រមព្រៀងបន្តកិច្ចសហក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ