បរិមាណកុងតឺន័រ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានទូកុងតឺន័រឆ្លងកាត់ជាង២១ម៉ឺនទូ នៅត្រីមាសទី១ឆ្នាំនេះ កើនឡើងជាង២៣%


ចរាចរទូកុងតឺន័រចេញ ចូល នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានកំណើនជាង២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ មន្រ្តីជាន់ខ្ពស់នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានចាត់ទុកកំណើននេះ គឺបានបង្ហាញពីស្ថានភាពល្អប្រសើររបស់វិស័យសេដ្ឋកិច្ចកម្ពុជា។
បរិមាណកុងតឺន័រ
ដោយ

លោក អ៊ុក សុមេធី នាយករងផែនការលទ្ធកម្ម និងស្ថិតិ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្រាប់ខេមបូណូមីសថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ បរិមាណទូកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនជាង២១ម៉ឺន៧ពាន់កុងតឺន័រ មានការកើនឡើងជាង២៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

បើតាមមន្រ្តីរូបនេះ ក្នុងចំណោមកុងតឺន័រទាំងនេះ មានការនាំចូលជាង១១ម៉ឺន៣ពាន់ទូ កើនឡើងជាង២៦% និងការនាំចេញមានជាង១០ម៉ឺន៣ពាន់ទូ មានការកើនឡើងជាង២១%។ តាមរយៈកំណើននេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រំពឹងថា នឹងសម្រេចបាននូវផែនការអាជីវកម្មរបស់ខ្លួនដែលបានគ្រោងទុក ជាពិសេសសេដ្ឋកិច្ចកម្ពុជា នៅតែមានការីកចម្រើន និងអាចសម្រេចបាននូវកំណើន GDP ដែលបានរំពឹងទុកផងដែរ។

ជុំវិញបញ្ហានេះដែរឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា កត់សម្គាល់ឃើញថា ទូកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ផ្ដើមមានកំណើនតាំងពីកម្ពុជា បានបិទបញ្ចប់បញ្ហាជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២២មកម៉្លេះ។

អ្នកជំនាញរូបនេះចាត់ទុកកំណើននេះ គឺបានបង្ហាញពីភាពល្អប្រសើរនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយដៃគូអន្តរជាតិ និងរំពឹងថា ភាពវិជ្ជមាននេះនឹងកើតមានឡើងជាបន្តទៀតនៅក្នុងត្រីមាសទី២ ក្រោយកម្ពុជា គ្រោងនាំចេញទំនិញជាច្រើនទៀតនៅកាន់ទីផ្សារអន្តរជាតិ ស្របពេលដែលរាជរដ្ឋាភិបាល បានបង្កភាពងាយស្រួលដល់ការធ្វើពាណិជ្ជកម្មជាមួយបណ្ដាប្រទេសនានាលើពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាដើម។​

សម្រាប់ឧកញ៉ា ស៊ិន ចន្ធី ទោះបីស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោកនៅមិនទាន់ច្បាស់លាស់ ហើយមានផ្នែកខ្លះនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយអន្តរជាតិ បានធ្លាក់ចុះក៏ដោយ ប៉ុន្តែការនាំចេញក្នុងវិស័យមួយចំនួនរបស់កម្ពុជានៅតែមានការកើនឡើង។ តួយ៉ាងការធ្វើពាណិជ្ជកម្មលើផ្នែកកសិកម្ម គឺកំពុងមានការរីកលូតលាស់ជាបន្តបន្ទាប់ ខណៈផលិតផលកសិកម្មជាច្រើនគ្រោងនាំចេញទៅកាន់ទីផ្សារអន្តរជាតិនាពេលខាងមុខ។

​យ៉ាងណាមិញកំពង់ផែស្វយ័តក្រុងព្រះសីហនុ រំពឹងថា នៅក្នុងឆ្នាំ២០២៤ នេះ នឹងអាចទទួលបានបរិមាណទូកុងតឺន័រឆ្លងកាត់ប្រមាណ១លាន TEU ដែលតម្រូវឱ្យកំពង់ផែពន្លឿននូវផែនការអភិឌ្ឍន៍ផែកុងតឺន័រថ្មីជំហានទី១ ទី២ និងទី៣ ព្រមទាំងសិក្សាផែនការបន្តទៀត។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២៤ នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ កើនឡើងជិត១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងនោះកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង៦ពាន់លានដុល្លារ កើនឡើង១៨% ខណៈការនាំចូលទំនិញពីទីផ្សារអន្តរជាតិ មកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារ កើនឡើងជាង៦%៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


កម្ពុជា បានត្រៀមសេណារីយ៉ូ ចំនួន៣ ក្នុងការធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោ កើតឡើងដោយមិនចាំបាច់ពឹងបរទេស

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ពុជាបានត្រៀមសេណារីយ៉ូ ចំនួន៣ ក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ដែលក…

តើការជន់ជោរផលិតកម្មរថយន្តអគ្គីសនីចិនដ៏ច្រើនលើសលប់ អាចទាញទម្លាក់តម្លៃរថយន្តអគ្គិសនីឱ្យធ្លាក់ចុះដែរ ឬទេ?

អ្នកវិភាគទីផ្សាររថយន្តបានអះអាងថា កំណើនយ៉ាងគំហុកនៃផលិតកម្មរថយន្តអគ្គីសនីរបស់ចិន កំពុងធ្វើឱ្យទីផ្សាររថយន្តអគ្គិសនីពិភពលោកជួបបញ្ហាការផ្គត់ផ្គ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ