ឧក្រិដ្ឋកម្មអនឡាញ

តើការប្តេជ្ញាបោសសម្អាតឧក្រិដ្ឋកម្មអនឡាញអាចជួយស្តារមុខមាត់កម្ពុជាក្នុងឆាកអន្តរជាតិយ៉ាងណាដែរ?


ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់នៅទូទាំងប្រទេស។ អ្នកជំនាញបានលើកឡើងថា វិធានការនេះ គឺជាជំហានដ៏សំខាន់ក្នុងការស្ដារមុខមាត់កម្ពុជាឡើងវិញ ប៉ុន្តែវាក៏ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាថាឧក្រិដ្ឋកម្មទាំងនេះមិនអាចងើបឡើងវិញបាន។
តើការប្តេជ្ញាបោសសម្អាតឧក្រិដ្ឋកម្មអនឡាញអាចជួយស្តារមុខមាត់កម្ពុជ
ដោយ

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា ឧក្រិដ្ឋកម្មបច្ចេកវិទ្យាជាឧក្រិដ្ឋកម្មឆ្លងដែន ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាប្រទេសពាក់ព័ន្ធទើបអាចបង្រ្កាបមានប្រសិទ្ធិភាព។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ មុខមាត់របស់កម្ពុជាតែងត្រូវបានប្រទេសជិតខាងលាបពណ៌ជុំវិញបញ្ហាការឆបោកតាមប្រព័ន្ធអនឡាញម្តងហើយម្តងទៀត ដូច្នេះកម្ពុជាត្រូវការពេលវេលា និងការចាត់វិធានការជាក់ស្ដែងក្នុងការផ្ដន្ទាទោសជនពាក់ព័ន្ធ ដើម្បីលាងជម្រះកេរ្តិ៍ឈ្មោះសំដៅទាក់ទាញអ្នកវិនិយោគឱ្យមកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ជាមួយគ្នានេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ឃើញថា ការបង្រ្កាបឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញវាជាជំហ៊ានមួយដ៏សំខាន់ក្នុងការស្ដារមុខមាត់កម្ពុជា និងបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ និងវិនិយោគិន។ តែយ៉ាងណា លោក បានសង្កត់ធ្ងន់លើនិរន្តភាពនៃការបង្ក្រាប ពោលគឺនៅពេលបង្រ្កាបបានហើយត្រូវមានវិធានការការពារ និងបង្ការកុំឱ្យកើតឡើងម្ដងទៀត។ ជាមួយគ្នានេះ លោក បានដាស់តឿនដល់ពលរដ្ឋដែលធ្លាប់ធ្វើការក្នុងវិស័យឆបោកនេះឱ្យបញ្ឈប់ការសោកស្ដាយចំពោះប្រាក់ចំណូលខុសច្បាប់ ហើយងាកមកចាប់អាជីពស្របច្បាប់វិញ ដើម្បីជៀសវាងទោសទណ្ឌ និងកុំឱ្យកម្ពុជាបន្តអាម៉ាស់លើឆាកអន្តរជាតិ។

ដោយឡែកលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ សង្កេតឃើញថា ការចាប់បញ្ជូនមេខ្លោងឧក្រិដ្ឋកម្មឆបោកសំខាន់ៗទៅកាន់ប្រទេសកំណើនវិញដូចករណីលោក ចេន ហ្ស៊ី កាលពីពេលថ្មីៗនេះ ជាសកម្មភាពវិជ្ជមានក្នុងការជួយស្ដារមុខមាត់ប្រទេស។ លោកបានសង្កត់ធ្ងន់ថាឧក្រិដ្ឋកម្មអនឡាញនេះវាបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់វិស័យទេចរណ៍ ការវិនិយោគ និងសុវត្ថិភាពសង្គម។ ជាមួយគ្នានេះ លោក ក៏បានសំណូមពរឱ្យរដ្ឋាភិបាលពង្រីកវិធានការគាំពារដល់ជនរងគ្រោះ និងអំពាវនាវដល់ពលរដ្ឋកុំឱ្យធ្លាក់ក្នុងល្បិចចូលរួមការងារខុសច្បាប់ទាំងនេះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចដាក់ចេញវិធានការដ៏ម៉ឺងម៉ាត់ក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាក្តីកង្វល់រួមទាំងក្នុងតំបន់ និងលើពិភពលោក។ យ៉ាងណាមិញសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាជនខ្មែរទាំងអស់រួបរួមគ្នាជាធ្លុងមួយ ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា សំដៅជួយលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ។ ទន្ទឹមនេះ ក្រោយការអំពាវនាវរបស់នាយករដ្ឋមន្រ្តី មកទល់ពេលនេះមានខេត្តមួយចំនួនបានប្រកាសប្ដេជ្ញាបង្រ្កាប និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានដូចជា ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តមណ្ឌលគិរី ខេត្តព្រះសីហនុ និងខេត្តពោធិ៍សាត់ ជាដើម៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើនៅក្នុងរយៈពេល១ឆ្នាំនៃការកាន់អំណាចរបស់លោក ត្រាំ បានធ្វើឱ្យពិភពលោកប្រែប្រួល និងក្រឡាប់ចាក់យ៉ាងណាខ្លះ?

នៅថ្ងៃទី២០ ខែមករា គឺជាខួបគម្រប់១ឆ្នាំនៃការវិលត្រឡប់មកកាន់សេតវិមានជាថ្មីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដោយនៅក្នុងរយៈពេល១២ខែមកនេ…

តើវាអាចជាសញ្ញាហានិភ័យសម្រាប់កម្ពុជាឬយ៉ាងណា ក្រោយការនាំចូលទំនិញពីចិនមានទំហំជាងពាក់កណ្តាលនៃការនាំចូលសរុប?

មហាយក្សចិនជាដៃគូដោះដូរពាណិជ្ជកម្ម និងជាប្រភពនាំចូលទំនិញធំបំផុតរបស់កម្ពុជា ដោយនៅមួយពេញឆ្នាំ២០២៥ ការនាំចូលទំនិញពីចិនមកកាន់កម្ពុជាមានទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ