ទីផ្សារគ្រីបតូ

ទីផ្សារគ្រីបតូ កើនឡើងជាង៣០០ពាន់លានដុល្លារ ក្រោយលោក ត្រាំ គ្រោងប្រើគ្រីបតូធ្វើជាទុនបម្រុងអន្តរជាតិ របស់អាម៉េរិក


ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីចុងសប្ដាហ៍កន្លងទៅ បានប្រកាសឈ្មោះរូបិយប័ណ្ណឌីជីថល ឬគ្រីបតូចំនួន៥ ដែលលោកគ្រោងនឹងដាក់បញ្ចូលទៅក្នុងទុនបម្រុងយុទ្ធសាស្រ្តថ្មីរបស់សហរដ្ឋអាម៉េរិក ដែលធ្វើឱ្យទីផ្សារគ្រីបតូសរុបកើនឡើងប្រមាណ១០% ឬជាង៣០០ពាន់លានដុល្លារអាម៉េរិក ត្រឹមតែប៉ុន្មានម៉ោងក្រោយមក ខណៈ Bitcoin ដែលជាគ្រីបតូធំបំផុតរបស់ពិភពលលោកបានហក់ឡើងថ្លៃជាង១១% ឈានដល់៩៤,១៦៤ដុល្លារអាម៉េរិក ក្នុងមួយកាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ទីផ្សារគ្រីបតូ
ដោយ

លោក ដូណាល់ ត្រាំ បានប្រកាសតាមរយៈបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា លោកគ្រោងនឹងដាក់បញ្ចូលរូបិយប័ណ្ណឌីជីថល ឬគ្រីបតូចំនួន៥ ទៅក្នុងទុនបម្រុងអន្តរជាតិរបស់សហរដ្ឋអាម៉េរិក រួមមានគ្រីបតូ Bitcoin គ្រីបតូ Ether គ្រីបតូ XRP គ្រីបតូ Solana និងគ្រីបតូ Cardano ដែលធ្វើឱ្យគ្រីបតូទាំងនេះហក់ឡើងថ្លៃស្រឺតៗតែម្តង។

Bitcoin ដែលជាគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក បើគិតពីទំហំមូលធនទីផ្សារ បានហក់ឡើងជាង១១% ឈានដល់៩៤,១៦៤ដុល្លារអាម៉េរិក ក្នុងមួយកាក់ កាលពីរសៀលថ្ងៃអាទិត្យ សប្ដាហ៍កន្លងទៅ ហើយ Ether ដែលជាគ្រីបតូធំបំផុតទី២ បានហក់ឡើងប្រមាណ១៣% ឈានដល់២,៥១៦ដុល្លារអាម៉េរិក ក្នុងមួយកាក់។

យោងតាម CoinGecko ដែលជាក្រុមហ៊ុនវិភាគទិន្នន័យ និងវិភាគរូបិយប័ណ្ណគ្រីបតូ បានឱ្យដឹងថា ទីផ្សារគ្រីបតូសរុបទូទាំងពិភពលោកបានកើនឡើងរហូតដល់ទៅប្រមាណ១០% ដែលស្មើនឹងជាង៣០០ពាន់លានដុល្លារអាម៉េរិក ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីការប្រកាសរបស់លោក ដូណាល់ ត្រាំ។

សូមបញ្ជាក់់ថា លោក ដូណាល់ ត្រាំ ទទួលបានការគាំទ្រពីឧស្សាហកម្មគ្រីបតូសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកអំឡុងឆ្នាំ២០២៤ ហើយ លោក ក៏បានគាំទ្រគោលនយោបាយនៃឧស្សាហកម្មគ្រីបតូវិញភ្លាមៗដែរ។ លោក ដូណាល់ ត្រាំ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ស្ដីពីគ្រីបតូ នៅសេតវិមានជាលើកដំបូងមិនធ្លាប់មាននៅថ្ងៃសុក្រ សប្ដាហ៍នេះ ហើយគ្រួសាររបស់ លោក ក៏បានបង្កើតកាក់គ្រីបតូផ្ទាល់ខ្លួនផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើប្រទេសស្វីស មានភាពអស្ចារ្យអ្វីខ្លះ បានជាមហាសេដ្ឋីសម្រុកទៅលេងកម្សាន្តនៅប្រទេសនេះ?

ពិភពលោកបច្ចុប្បន្នមានបញ្ហាអសន្តិសុខជាច្រើន ដូចជាជម្លោះ ការប្រែប្រួលអាកាសធាតុ និងការភ័យខ្លាចចំពោះការធ្លាក់ចុះសេដ្ឋកិច្ចជាដើម ប៉ុន្តែអ្វីៗនៅដ…

ក្រុមហ៊ុនការ៉េម និងភេសជ្ជៈរបស់ចិន Mixue កំពុងវាយលុកទីផ្សារខ្លាំង ដោយបានវ៉ាដាច់ក្រុមហ៊ុន McDonald និងក្រុមហ៊ុន Starbucks របស់អាម៉េរិក

សាខាហាងលក់ការ៉េម និងតែគុជរបស់ក្រុមហ៊ុនចិន មីស្វេ (Mixue) Ice Cream & Tea កំពុងរីកចម្រើនយ៉ាងខ្លាំង ដោយមានសន្ទុះកើនឡើងខ្លាំងជាងហាងរប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ