
ការផលិតចំណីសត្វត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់នៃខ្សែច្រវាក់ផលិតកម្មចំណីអាហារក្នុងខេត្តកំពង់ធំ ក្នុងគោលបំណងទាក់ទាញវិនិយោគិន លើកកម្ពស់ផលិតភាពនិងគុណភាពផលិតផលចំណីអាហារ និងជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្ត។
គួរបញ្ជាក់ថា ក្រុមហ៊ុន New Hope Liuhe Co. Ltd គឺជាក្រុមហ៊ុនផលិតចំណីសត្វដ៏ធំមួយមកពីប្រទេសចិន ហើយក៏ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនផលិតចំណីអាហាររួមមានសាច់ ស៊ុត និងទឹកដោះគោធំជាងគេក្នុងប្រទេសចិនផងដែរ។ ក្រុមហ៊ុននេះក៏មានការទទួលស្គាល់ជាអន្តរជាតិ ដោយមានអាជីវកម្មសរុបចំនួនប្រមាណ ៦០០ទីតាំង នៅក្នុងប្រទេសចំនួន ៣៤ផ្សេងទៀត ទាំងនៅក្នុងទ្វីបអាស៊ី ទ្វីបអ៊ឺរ៉ុប ទ្វីបអាហ្វ្រិក និង ទ្វីបអាម៉េរិក ហើយក្រុមហ៊ុននេះផលិតចំណីសត្វរហូតដល់ទៅប្រមាណ ២.៨៤៨លានតោនក្នុងមួយឆ្នាំ។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកទូទាំងពិភពលោករហូតដល់ទៅប្រមាណ ១០ម៉ឺននាក់ ដែលក្នុងនោះ ៩៤%គឺជាប្រជាជននៅតាមមូលដ្ឋាន ដែលទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់អំពីបច្ចេកទេស និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិតចំណីសត្វ។ ជាជំហានដំបូងសម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុន New Hope Liuhe Co. Ltd មានគោលដៅផលិតចំណីសត្វរហូតដល់ទៅប្រមាណ ១០លានតោនក្នុងមួយឆ្នាំ ហើយនឹងដាក់ទុនវិនិយោគបន្ថែមទៀតជាបន្តបន្ទាប់ ដែលនឹងបង្កើតជាឱកាសការងារជូនប្រជាជន និងលើកកម្ពស់
វិស័យចិញ្ចឹមសត្វ និងផលិតចំណីអាហារក្នុងខេត្តកំពង់ធំ។











