
មេបញ្ជាការភូមិភាគ២របស់ថៃ លោក ប៊ុនស៊ីន ផាតឃ្លាំង (Boonsin Padklang) បានទទួលស្គាល់ពីការបរាជ័យរបស់កងទ័ពថៃ ក្នុងការវាយកាន់កាប់ប្រាសាទតាក្របី និងបានប្ដេជ្ញាជាថ្មីថា នឹងប្រើកម្លាំងកងទ័ពវាយដណ្ដើមកាន់កាប់ប្រាសាទតាក្របីឱ្យបាន ក៏ដូចបិទប្រាសាទតាមាន់ធំជាឯកតោភាគី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod។
ការប្រកាសប្រើច្បាប់ព្រៃបំពានច្បាប់អន្តរជាតិ និងបំពានបទឈប់បាញ់ ព្រមទាំងបំពានស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅម៉ាឡេស៊ី ពីសំណាក់មេបញ្ជាការភូមិភាគ២របស់ថៃ នេះ ធ្វើឡើងក្រោយរូបគេទើបទទួលបានជំនួយឧបត្ថម្ភជាដ្រូនក្នុងតម្លៃ៣លានបាត និងទឹកប្រាក់៥ម៉ឺនបាតពីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលរូបគេចាត់ទុកជាជំនួយដ៏សំខាន់ និងចាំបាច់សម្រាប់ការល្បាត និងរក្សាសន្តិសុខតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
ទាំងថ្នាក់ដឹកនាំ និងពលរដ្ឋកម្ពុជា បានចេញមកប្រតិកម្ម និងរិះគន់ចំពោះការប្រកាសរបស់មេបញ្ជាការភូមិភាគ២រូបនេះ ស្របពេលដែលកម្ពុជា តែងតែគោរពតាមបទឈប់បាញ់ និងច្បាប់អន្តរជាតិ យ៉ាងខ្ជាប់ខ្ជួន ហើយក៏បានរក្សាភាពអត់ធ្មត់ខ្លាំងបំផុត ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ព្រោះតែដើម្បីភាពសុខសាន្តនៃប្រជាជាតិទាំងពីរ ហើយកម្ពុជា ចង់រក្សាសុខណាស់ ចង់បានសន្តិភាពណាស់ តែដូចម្ដេចបានជាភាគីថៃចង់បានតែជម្លោះបែបនេះទៅវិញ។
ស្ថិតក្នុងស្ថានភាពដ៏ផុយស្រួល ដែលបទឈប់បាញ់រងការគំរាមកំហែងពីសំណាក់មេបញ្ជាការភូមិភាគ២របស់ថៃ រូបនេះ កម្ពុជា បានថ្កោលទោសកងទ័ពថៃ ហើយអំពាវនាវឱ្យអន្តរជាតិ ជួយដល់កម្ពុជា ជួយធានាធ្វើយ៉ាងណាឱ្យភាគីថៃ គោរពបទឈប់ឱ្យបាន១០០% ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន នាំមកនូវសន្តិភាពពេញលេញសម្រាប់ប្រទេសទាំងពីរក្នុងពេលដ៏ខ្លីខាងមុខ។
ទន្ទឹមនេះ បណ្ដាអនុព័ន្ធយោធា និងការទូតអន្តរជាតិច្បាស់ណាស់ថា មិនទាន់ទៅណានោះទេ ពោលគឺពួកគេកំពុងឃ្លាំមើលការអនុវត្តបទឈប់បាញ់នេះ ហើយអ្នកណាបំពានអ្នកណា អ្នកណាជាអ្នកបំពានបទឈប់បាញ់ពិតប្រាកដ គឺអន្តរជាតិនឹងមើលឃើញកាន់តែច្បាស់។ សូមបញ្ជាក់ថា មេបញ្ជាការភូមិភាគ២របស់ថៃ ដែលមានវ័យ៦០ឆ្នាំរូបនេះនឹងត្រូវចូលនិវត្តន៍នៅចុងខែកញ្ញា ដ៏ខ្លីខាងមុខនេះ៕
ដោយ: តែម សុខុម