
លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករនៅកម្ពុជា បានគូសបញ្ជាក់ថា តម្លៃត្រីចិញ្ចឹមនៅកម្ពុជា នាដើមឆ្នាំ២០២៥នេះ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ចន្លោះពី៥០០រៀលទៅ២ពាន់រៀលក្នុង១គីឡូក្រាមទៅតាមប្រទេសត្រីនីមួយៗ បើធៀបនឹងតម្លៃកាលពីឆ្នាំមុន។ ការធ្លាក់ចុះតម្លៃត្រីចិញ្ចឹមក្នុងស្រុកនេះ ត្រូវបានប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បកររូបនេះ អះអាងថា គឺដោយសារកសិករនាំគ្នាសម្រុកលក់ត្រីចេញ និងប្រជែងតម្លៃគ្នានៅក្នុងរដូវប្រមូលផលនេះ។
មិនខុសគ្នានោះទេ លោក លក លឿន អ្នកចិញ្ចឹមត្រីនៅខេត្តកំពង់ចាម បានទទួលស្គាល់ថា តម្លៃត្រីចិញ្ចឹមបច្ចុប្បន្នពិតជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ពិតប្រាកដមែន ជាក់ស្តែងតម្លៃត្រីប្រាបច្ចុប្បន្នលោកលក់ចេញបានក្នុងតម្លៃ៤ពាន់៩រយរៀលក្នុង១គីឡូក្រាម ធ្លាក់ចុះ៥រយរៀលក្នុង១គីឡូក្រាម ត្រីពោរលក់បាន៦ពាន់៤រយរៀលក្នុង១គីឡូក្រាម ធ្លាក់ចុះ៨រយរៀលក្នុង១គីឡូក្រាម និងត្រីឆ្តោលក់បានតម្លៃ៩ពាន់៨រយរៀលក្នុង១គីឡូក្រាម ធ្លាក់ចុះជាង២ពាន់រៀលក្នុង១គីឡូក្រាម បើធៀបនឹងតម្លៃកាលពីឆ្នាំមុន។ កត្តាដែលជំរុញឱ្យតម្លៃត្រីចិញ្ចឹមក្នុងស្រុកធ្លាក់ចុះនាពេលនេះ ត្រូវបានលោក លក លឿន អះអាងថា គឺដោយសារទិន្នផលត្រីធម្មជាតិហាក់សម្បូរ និងមានតម្លៃទាបនៅឆ្នាំនេះ គួបផ្សំមានការនាំចូលត្រីមួយចំនួនពីប្រទេសជិតខាង ហើយពលរដ្ឋមួយចំនួនបានកាត់បន្ថយការបរិភោគត្រីទៅបរិភោគសាច់ជាដើម។ យ៉ាងណាក៏ដោយ អ្នកចិញ្ចឹមត្រីរូបនេះ បានវាយតម្លៃថា តម្លៃត្រីចិញ្ចឹមក្នុងស្រុកអាចនឹងកើនឡើងមកវិញនៅខែមេសា ខាងមុខនេះ ដោយសារអស់ត្រីធម្មជាតិ។
បើតាមលោក ឡែមផូរ សុថាវរិទ្ធិ ស្ថានភាពនៃការដាក់ត្រីចិញ្ចឹមនៅក្នុងស្រះរបស់ប្រជាកសិករនាចុងឆ្នាំ២០២៤ កន្លងទៅ គឺមានការកើនឡើងតិចតួចប៉ុណ្ណោះ បើធៀបនឹងការដាក់ត្រីចិញ្ចឹមកាលពីឆ្នាំ២០២៣ ដោយសារតែរដូវប្រាំងមានរយៈពេលវែងកាលពីឆ្នាំមុន ធ្វើឱ្យកសិករខ្វះទឹកសម្រាប់ចិញ្ចឹមត្រី ដូច្នេះហើយជំរុញឱ្យការប្រមូលផលត្រីចិញ្ចឹមនៅដើមឆ្នាំ២០២៥នេះ មិនសូវទទួលបានទិន្នផលច្រើននោះទេ៕