លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកទើបឡើងកាន់អំណាចបានអះអាងថា លោកបានកំពុងគិតគូរពីការដាក់ពន្ធ២៥%លើទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក ដែលជាប្រទេសក្បែរខាងខ្លួននៅក្នុងអំឡុងខែកុម្ភៈ ខាងមុខនេះ។ ប្រធានាធិបតីមាត់រអិលរូបនេះបានគូសបញ្ជាក់ថា កត្តាដែលជំរុញឱ្យរដ្ឋបាលរបស់លោកគិតគូរលើបញ្ហានេះ ក៏ដោយសារប្រទេសទាំងពីរបានអនុញ្ញាតឱ្យមនុស្សមួយចំនួនធំធ្វើដំណើរដោយខុសច្បាប់ចូលទៅសហរដ្ឋអាម៉េរិក។
ក្រៅពីគំរាមដាក់ពន្ធ២៥%លើកាណាដា និងម៉ិកស៊ិកចាប់ពីថ្ងៃទី១ ខែកុម្ភៈ លោក ដូណាល់ ត្រាំ ក៏កំពុងរៀបចំផែនការដើម្បីកំណត់ពន្ធ១០%លើទំនិញរបស់ប្រទេសនានា ដែលនាំចូលទៅសហរដ្ឋអាម៉េរិកផងដែរ។ បើតាមការអះអាងរបស់លោក ដូណាល់ ត្រាំ ការសើរើលើបញ្ហាពន្ធនេះធ្វើឡើងក្នុងគោលបំណងដើម្បីជួសជុលប្រព័ន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ដើម្បីការពារពលករ និងប្រជាជនអាម៉េរិក។
បញ្ហាពន្ធជារឿងមួយ តែអ្វីដែលធ្វើឱ្យប្រទេសនៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើលទៀតនោះ គឺក្រោយចូលកាន់តំណែងភ្លាម លោក ដូណាល់ ត្រា បានចុះហត្ថលេខាដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុក្រុងប៉ារីសជាថ្មី បន្ទាប់ពីលោកបានដកម្តងកាលពីអាណត្តិមុន តែត្រូវបានតភ្ជាប់វិញដោយរដ្ឋបាលលោក ចូ បៃដិន។
ជាមួយគ្នានេះ លោក ត្រាំ ក៏បានបញ្ជាឲ្យរដ្ឋបាលរបស់លោកដកខ្លួនចេញពីអង្គការសុខភាពពិភពលោកក្រោមហេតុផលទីភ្នាក់ងារសុខភាពសាកលមួយនេះធ្វេសប្រហែសក្នុងការចាត់វិធានការប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ-១៩ បង្កឲ្យមានវិបត្តិសុខភាពជាអន្តរជាតិ៕
ដោយៈ សរ សុជាតិ