ក្រុមហ៊ុនវិនិយោគឯកជនធំៗដែលជាហត្ថលេខីនៃគំនិតផ្ដួចផ្ដើមការបញ្ជាក់ប្រភពមូលធនស្អាតស្អំ បានប្ដេជ្ញាមិនទទួលយកវិនិយោគិនចិន ឬបោះទុនវិនិយោគក្នុងក្រុមហ៊ុនទើបបង្កើតថ្មី ឬ Startup មកពីប្រទេសចិន ហុងកុង រុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើងជាដាច់ខាត។ គំនិតផ្តួចផ្តើមជាលក្ខណៈឯកជនក្រោមការដឹកនាំដោយអង្គការមិនស្វែងរកប្រាក់ចំណេញ Future Union ដែលតាមដានការវិនិយោគរបស់បណ្ដាស្ថាប័នអាម៉េរិក នៅក្នុងប្រទេសចិននេះ ក៏ទទួលបានការគាំទ្រពីគណៈកម្មាធិការសភាអាម៉េរិក ទទួលបន្ទុកកិច្ចការតាមដានសកម្មភាពរបស់បក្សកុម្មុយនីស្តចិន ផងដែរ។
ការប្រកាសប្ដេជ្ញាចិត្តនេះកើតមានឡើង នៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាម៉េរិក កំពុងរឹតបន្តឹងការវិនិយោគនៅក្នុងប្រទេសចិន យ៉ាងសកម្ម ខណៈភាពតានតឹងកាន់តែកើនឡើងកម្ដៅរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ។
កាលពីខែមុន ក្រសួងរតនាគារអាម៉េរិក បានបញ្ចប់ការធ្វើសេចក្ដីព្រាងច្បាប់ដើម្បីរឹតបន្តឹងការវិនិយោគរបស់អាម៉េរិក ក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់របស់ចិនដីគោក ឬចិនប៉េកាំង ហុងកុង និងម៉ាកាវ ដែលរួមមានទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI បច្ចេកវិទ្យាកង់ទិច និងបន្ទះឈីបផងដែរ។
សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះនឹងចូលជាធរមាន នៅថ្ងៃទី២ ខែមករា ដើមឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ។
អង្គការ Future Union ដែលមានបេសកកម្មដ៏ចម្បងធានាឱ្យបានថា វិស័យឯកជនជ្រើសរើសគាំទ្រលទ្ធិប្រជាធិបតេយ្យជាជាងរបបផ្ដាច់ការ បានចេញផ្សាយរបាយការណ៍មួយកាលពីខែមករា ដើមឆ្នាំ២០២៤ ដោយបានរកឃើញថា វិនិយោគិនអាម៉េរិក បានដឹកនាំ ឬ រួមគ្នាដឹកនាំការផ្តល់ហិរញ្ញប្បទានដល់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានមូលដ្ឋាននៅប្រទេសចិន រហូតដល់ទៅ២,៨ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាម៉េរិក ដូចជា Moonshots Capital, AE Ventures និង Snowpoint Ventures ជាដើម បានចុះហត្ថលេខាទទួលស្គាល់គំនិតផ្ដួចផ្ដើម ការបញ្ជាក់ប្រភពមូលធនស្អាតស្អំ ហើយក្រុមហ៊ុនអង់គ្លេស C5 Capital ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ និងក្រុមហ៊ុនអូស្ត្រាលី Beaton Zone Ventures ក៏បានចុះហត្ថលេខាទទួលស្គាល់គំនិតផ្ដួចផ្ដើមនេះដែរ។ ទោះជាយ៉ាងណា មូលនិធិធំៗបំផុតមួយចំនួនរបស់សហរដ្ឋអាម៉េរិក មិនទាន់បានចុះហត្ថលេខាទទួលស្គាល់គំនិតផ្ដួចផ្ដើមនេះនៅឡើយទេ៕
ដោយ: តែម សុខុម