ការជម្លៀសខ្លួនកំពុងបន្តនៅក្នុងប្រទេសហ្វីលីពីន ខណៈដែលមិនមានការរាយការណ៍ដំបូងអំពីការខូចខាត ឬការស្លាប់បាត់បង់ជីវិតដោយសារបាតុភូតធម្មជាតិនេះទេ បើទោះបីជាការរញ្ជួយដីនៅតែបន្តកើតមាន។ ប្រព័ន្ធព្រមានពីរលកយក្សស៊ូណាមិរបស់សហរដ្ឋអាម៉េរិក ដំបូងឡើយបានព្រមានពីរលកដែលមានកម្ពស់រហូតដល់៣ម៉ែត្រពីលើកម្រិតកម្ពស់ទឹក ក្រោយមកបាននិយាយថា លែងមានការគំរាមកំហែងពីរលកយក្សស៊ូណាមិទៀតហើយ។ យ៉ាងណាមិញ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន Phivolcs បានអះអាងថា ហានិភ័យនៃរលកយក្សស៊ូណាមិ គឺនៅតែមាននៅឡើយ។
ដោយឡែក យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា រលករញ្ជួយដីកម្ពស់៤០សង់ទីម៉ែត្រ ក៏បានកើតឡើងចំពេលជាមួយគ្នានៅលើកោះ Hachijojima របស់ប្រទេសជប៉ុនដែរ ដែលមានចម្ងាយប្រហែល២៩០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងតូក្យូ។ តាមការឱ្យដឹង រលកនេះ អាចមានកម្ពស់ដល់ទៅមួយ១ម៉ែត្រ។ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន Phivolcs បានជំរុញឱ្យប្រជាជនដែលរស់នៅក្បែរឆ្នេរសមុទ្រនៃខេត្ត Surigao Del Sur និងខេត្ត Davao Oriental ត្រូវជម្លៀសខ្លួន ឬផ្លាស់ទីទៅក្នុងតំបន់ដីគោកជាបណ្តោះអាសន្ន។
បើតាមមជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បានឱ្យដឹងថា ខេត្តភាគខាងត្បូងទាំងពីររបស់ហ្វីលីពីននេះ ត្រូវបានបានវាយប្រហារយ៉ាងលឿនដោយគ្រោះរញ្ជួយដីជាងម្ភៃដង ជាមួយនឹងកម្រិតដ៏ធំបំផុត៦,៥រ៉ិចទ័រ។ តាមមេប៉ូលីសនៅទីនោះបានបញ្ជាក់ថា ចម្ងាយ៣០គីឡូម៉ែត្រពីចំណុច កណ្តាលនៃការរញ្ជួយដីដែលមានប្រជាជនប្រហែល៤ម៉ឺន៤ពាន់នាក់ ចរន្តថាមពលត្រូវបានកាត់ផ្តាច់ទាំងស្រុងមកទល់នឹងពេលនេះ។
មជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បាននិយាយថា គ្រោះរញ្ជួយដីកាលពីយប់ថ្ងៃសៅរិ៍នោះ មានកម្រិត៧,៥រិចទ័រ និងបានវាយប្រហារក្នុងជម្រៅ៦៣គីឡូម៉ែត្រ ខណៈដែលការស្ទាបស្ទង់ដោយទីភ្នាក់ងារភូមិសាស្ត្រអាម៉េរិក បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះមានកម្រិតកម្រិតដល់ទៅ៧,៦ រ៉ិចទ័រ និងជម្រៅ៣២គីឡូម៉ែត្រ។ ទោះបីជាមានការវាស់ស្ទង់ខុសគ្នាក៏ពិតមែន តែនេះគឺជាកម្រិតមួយដ៏ខ្លាំងដែលបានកត់ត្រា ថ្វីត្បិតគ្រោះរញ្ជួយដីគឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសហ្វីលីពីន៕